ភ្នំពេញៈ មន្ត្រីក្រសួង អប់រំ ឲ្យដឹងថា
ចាប់ពីឆ្នាំសិក្សាថ្មី ២០១៤ នេះទៅ
ក្រសួងនឹងផ្លាស់ប្តូរវិធីសាស្ត្រនៃការប្រឡងឆមាសថ្នាក់បឋមភូមិ
និងទុតិយភូមិ ដោយតម្រូវឲ្យគ្រូចេញវិញ្ញាសាដោយខ្លួនឯង
រួចសរសេរដាក់លើក្តារខៀនលែងមានសំណៅថតចម្លងទៀតដែលការធ្វើនេះ
ចៀសវាងការបែកធ្លាយជាសាធារណៈនិងធ្វើឲ្យប៉ះពាល់គុណភាពអប់រំ។
លោក លឹម សុត្ថារិទ្ធ
ប្រធានការិយាល័យនៃការផ្គត់ផ្គង់សៀវភៅសិក្សាគោលនៃនាយកដ្ឋាន
អភិវឌ្ឍន៍កម្មវិធីសិក្សារបស់ក្រសួង អប់រំ យុវជន និងកីឡា ប្រាប់
ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា
ក្នុងកំណែទម្រង់លើវិស័យអប់រំ ដែលមានរដ្ឋមន្ត្រីថ្មីផងនោះ
បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីមួយចំនួនដើម្បីបញ្ចៀសនូវការ
រិះគន់ចំពោះការប្រឡងនានាដូចជាថាមានបែកធ្លាយវិញ្ញាសា ឬក៏ចោទថា
សិស្សមិនមែនមកប្រឡងទេ តែជាការមកចម្លង។

