សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Friday, January 3, 2014

ក្រសួង​អប់រំ​នឹង​ប្តូរ​យុទ្ធសាស្ត្រ​នៃ​ការ​រៀបចំ​ប្រឡង​គ្រប់​កម្រិត

140102_04ភ្នំពេញៈ មន្ត្រី​ក្រសួង អប់រំ ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​សិក្សា​ថ្មី ២០១៤ នេះ​ទៅ ក្រសួង​នឹង​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​នៃ​ការ​ប្រឡង​ឆមាស​ថ្នាក់​បឋម​ភូមិ​ និង​ទុតិយភូមិ ដោយ​តម្រូវ​ឲ្យ​គ្រូ​ចេញ​វិញ្ញាសា​ដោយ​ខ្លួន​ឯង រួច​សរសេរ​ដាក់​លើ​ក្តារ​ខៀន​លែង​មាន​សំណៅ​ថត​ចម្លង​ទៀត​ដែល​ការ​ធ្វើ​នេះ​ ចៀសវាង​ការ​បែក​ធ្លាយ​ជា​សាធារណៈ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​គុណភាព​អប់រំ។

លោក លឹម សុត្ថារិទ្ធ ប្រធាន​ការិយាល័យ​នៃ​ការ​ផ្គត់​ផ្គង់​សៀវភៅ​សិក្សា​គោល​នៃ​នាយកដ្ឋាន អភិវឌ្ឍន៍​កម្មវិធី​សិក្សា​របស់​ក្រសួង អប់រំ យុវជន និង​កីឡា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ក្នុង​កំណែ​ទម្រង់​លើ​វិស័យ​អប់រំ​ ដែល​មាន​រដ្ឋ​មន្ត្រី​ថ្មី​ផង​នោះ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ចំនួន​ដើម្បី​បញ្ចៀស​នូវ​ការ​ រិះគន់​ចំពោះ​ការ​ប្រឡង​នានា​ដូចជា​ថា​មាន​បែក​ធ្លាយ​វិញ្ញាសា ឬ​ក៏​ចោទ​ថា សិស្ស​មិនមែន​មក​ប្រឡង​ទេ តែ​ជា​ការ​មក​ចម្លង។
លោក​ថ្លែង​ថា៖ «ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​យើង​ប្រឡង​ឆមាស (ថ្នាក់ ទី១២) មាន​ចេញ​វិញ្ញាសា​ពី​ក្រសួង​តែ​ពេល​នេះ​គេ​កំពុង​រៀបចំ​កែលម្អ​ការ​ប្រឡង​ នេះ​វិញ​គឺ​តម្រូវ​ឲ្យ​គ្រូ​ប្រចាំ​ថ្នាក់​ចេញ​វិញ្ញាសា​ប្រឡង​ឆមាស​ដោយ​ ខ្លួន​ឯង ហើយ​ឈប់​កូពី​ឯកសារ ត្រូវ​សរសេរ​លើ​ក្តារ​ខៀន ហើយ​សិស្ស​ប្រើ​ក្រដាស​ខ្លួន​ឯង​ដើម្បី​សរសេរ​ចម្លើយ។ ធ្វើ​ដូច្នេះ​ក៏​ដើម្បី​ឲ្យ​គ្រូ​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង បើ​មាន​បែក​ធ្លាយ​វិញ្ញាសា។ យើង​ធ្វើ​ដូច​យើង​ប្រឡង​តាំង​ពី​ឆ្នាំ ៨០ ជាង​អ៊ីចឹង»។

លោក​បន្ត​ថា៖ «បើ​ធ្វើ​បាន ខ្ញុំ​ជឿ​ថា​នឹង​អាច​កាត់​បន្ថយ​បាតុភាព​ថត​ចម្លង​បង្ហោះ​លើ​ហ្វេសប៊ុក បញ្ជូន​ចេញ​ឲ្យ​អ្នក​ក្រៅ​ជួយ​ធ្វើ​ឲ្យ ហើយ​ជួយ​ទប់​ស្កាត់​ភាព​មិន​ប្រក្រតី​នានា​ខ្លះ​ទៀត។ ខ្ញុំ​គិត​ថា វា​អាច​ខាត​ពេល​បន្តិច​មែន ពេល​សរសេរ​លើ​ក្តារ​ខៀន តែ​អាច​នឹង​ទប់​ស្កាត់​បាន​ច្រើន»។ មន្ត្រី​អប់រំ​រូប​នេះ​បន្ត​ថា ទោះ​យ៉ាង​ណា​ក្រសួង​មិន​ទាន់​យក​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្រសួង​នឹង​ចេញ​នូវ​សេចក្តី​សម្រេច​ណា​មួយ​ចេញ​ផ្សាយ​ជា​សាធារណៈ​ពី ​គម្រោង​ខាង​លើ​នា​ពេល​ខាង​មុខ​នេះ។

រដ្ឋ​មន្ត្រី​ក្រសួង អប់រំ យុវជន​និង កីឡា លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ចេញ​វិញ្ញាសា​ប្រឡង​នេះ និង​មិន​អាច​ផ្តល់​ការ​អធិប្បាយ​ច្រើន​ទេ។

នៅ​ពេល​សួរ​ទាក់​ទង​នឹង​ការ​ប្តូរ​វិធីសាស្ត្រ​នៃ​ការ​ប្រឡង​ពី​ការ​ចែក​ វិញ្ញាសា​ដែល​ថត​ចម្លង​រួច​មក​ជា​ការ​សរសេរ​វិញ្ញាសា​លើ​ក្តារ​ខៀន​វិញ លោក​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ថា៖ «យើង​មិន​ទាន់​ថា​នឹង​ចេញ​យ៉ាង​ម៉េច​ទេ ព្រោះ​កំពុង​ពិភាក្សា ប៉ុន្តែ យើង​នឹង​ត្រូវ​តែ​មាន​កំណែ​ទម្រង់​លើ​រឿង​ហ្នឹង»។

លោក សន ជ័យ អ្នក​សម្រប​សម្រួល​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក បាន​ថ្លែង​ថា លោក​សូម​សាទរ​ចំពោះ​គម្រោង​នេះ តែ​ស្នើ​ឲ្យ​ក្រសួង​គិត​គូរ​ពី​ផល​ប៉ះពាល់​នៃ​ការ​អនុវត្ត​កិច្ចការ​ទាំង​ អស់​នេះ​ជា​មុន​សិន ព្រោះ​អាច​មាន​ការ​លំបាក​ដល់​ការ​សរសេរ​វិញ្ញាសា​នៅ​លើ​ក្តារ​ខៀន សម្រាប់​វិញ្ញាសា​មួយ​ចំនួន។

លោក​និយាយ​ដែរ​ថា យើង​ចង់​បាន​ការ​កែ​ទម្រង់​អប់រំ លើ​ការ​លែង​ចេញ​វិញ្ញាសា​ជំនួស​ដោយ​ការ​សរសេរ​សម្រាប់​ប្រឡង​ថ្នាក់​ជាតិ​គឺ ​មាន​ទិដ្ឋភាព​ពីរ គឺ ទី១ អាច​រួម​ចំណែក​បំបាត់​អំពើ​ពុករលួយ​លើ​ការ​ធ្លាយ​វិញ្ញាសា ព្រោះ​សិស្ស​ពូកែ​អាច​បាក់​ទឹក​ចិត្ត រីឯ​សិស្ស​ខ្សោយ​មាន​ឱកាស​ចាំ​តែ​ចម្លង ហើយ ទី២ អាច​ប៉ះពាល់​ដល់​ម៉ោង​ប្រឡង​ផង។

លោក​បញ្ជាក់​ទៀត​ដែរ​ថា៖ «ដូច្នេះ​ក្រសួង អប់រំ គួរ​តែ​ធ្វើ​ការ​ពិភាក្សា​ឬ​ធ្វើ​តេស្ត​ជា​មុន​សិន​ជាមួយ​គ្រូ​និង​សិស្ស ដែល​ជា​អ្នក​ទទួល​ផល​លើ​បញ្ហា​នេះ។ ជា​ឧទាហរណ៍ៈ បើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម​សរសេរ​លើ​ក្តារ​ខៀន មិន​បញ្ហា​អី​ទេ តែ​បើ​វិទ្យាសាស្ត្រ​ពិត អាច​ប្រើ​ពេល​វែង ឬ​គ្រូ​ខ្លះ​គាត់​គ្មាន​ជំនាញ​អាច​សរសេរ​ខុស​ដូចជា​មុខវិជ្ជា​គណិតវិទ្យា ជីវវិទ្យា គីមីវិទ្យា​ជាដើម»។

វិស័យ អប់រំ នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា នៅ​មាន​គុណភាព​ទាប​នៅ​ឡើយ​។ អំពើ​ពុករលួយ​ក្នុង​ពេល​ប្រឡង ការ​លក់​សំណៅ​វិញ្ញាសា ការ​បែកធ្លាយ​វិញ្ញាសា​មុន​ការ​ប្រឡង សុទ្ធ​តែ​ជា​កត្តា​បង្ហាញ​ពី​ភាព​កម្សោយ​នៅ​ក្នុង​វិស័យ អប់រំ ដែល​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល ពិសេស​ក្រសួង អប់រំ ផ្ទាល់​ត្រូវ​ធ្វើ​ការ​កែទម្រង់​ឲ្យ​បាន​ខ្លាំង​ក្លា​ដើម្បី​ស្តារ​មុខ​មាត់ ​និង​ប្រជាប្រិយ​របស់​ខ្លួន​ឡើង​វិញ។

កាល​ពី​សប្តាហ៍​មុន​អង្គការ​ពីរ មាន​អង្គការ សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក និង​វិទ្យាស្ថាន​ខ្មែរ​ សម្រាប់​អភិវឌ្ឍន៍​ជាតិ បាន​ចេញ​របាយ​ការណ៍​មួយ​បង្ហាញ​ពី​ចំណុច​ខ្សោយ​នៃ​វិស័យ​អប់រំ​ទាក់ទង​នឹង​ ការ​គ្មាន​អភិបាលកិច្ច ​ទៅ​លើ​ការ​គ្រប់​គ្រង​សៀវភៅ​សិក្សា​គោល​ ដែល​ជា​ជំនួយ ​លើ​ការ​បោះពុម្ព និង​ចែក​ចាយ ដែល​ផ្តល់​ដោយ​ធនាគារ​អភិវឌ្ឍន៍ អាស៊ី មាន​ទឹក​ប្រាក់​ជាង ១,៣ លាន​ដុល្លារ​ដែល​ត្រូវ​ចែក​ដល់​សាលារៀន​ទូទាំង​ប្រទេស គឺ​ចែក​មិន​ដល់​ដៃ​សាលារៀន តែ​ត្រូវ​ការិយាល័យ​អប់រំ​ស្រុក​កិប​ទុក​លក់​នៅ​តាម​ទីផ្សារ​ខ្លះ​ទៅ​វិញ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ