សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Friday, January 3, 2014

ហេតុអ្វី​បាន​ជា​មាន​ព្រះសង្ឃ​ចូល​រួម​ធ្វើ​បាតុកម្ម?

អត្ថបទវិភាគ
140102_02
ព្រះ​សង្ឃ​​ប្រមាណ ២០០ អង្គ​ធ្វើ​ការ​​​តវ៉ា​ ទាម​ទារ​ឲ្យ​​
​រដ្ឋាភិបាល ​តាម​រក​ព្រះ​សារី​រិក​ធាតុ ដែល​គេ​លួច​បាត់
​កាល​ពី​ថ្ងៃ​អាទិត្យ​​​។ រូបថត ហុង មិនាអត្ថបទវិភាគ
នៅ​ក្នុង​ខណៈ ​ដែល​ស្ថានការណ៍​ នយោបាយ​កំពុង​តែ​ឡើង​កម្ដៅ និង​នៅ​ខណៈ ​ដែល​ប្រជា​ពលរដ្ឋ កម្មករ កម្មការិនី ហាក់​បី​ដូច​ជា​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ បាន​ចេញ​ធ្វើ​ការ​ តវ៉ា​យ៉ាង​ផុល​ផុស ព្រម​គ្នា​ជាមួយ​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ប្រឆាំង​ទៅ​នឹង​អ្វី​ដែល​ពួក​គេ​ហៅ​ថា ភាព​មិន​ប្រក្រតី​ក្នុង ​ការ​បោះឆ្នោត អំពើ​អយុត្តិធម៌​សង្គម ការ​រំលោភ​បំពាន​ដីធ្លី និង​ការ​បំផ្លាញ​ ធនធាន​ធម្មជាតិ​ជាដើម។ល។ នោះ គេ​ក៏​សង្កេត​ឃើញ​មាន​ព្រះសង្ឃ​កាន់​តែ​ច្រើន​ឡើងៗ ក៏​បាន​ចូល​រួម​ធ្វើ​ការ​តវ៉ា​ដែរ។

តើ​មាន​កត្តា​អ្វី​ខ្លះ ដែល​ជំរុញ​ឲ្យ​ព្រះសង្ឃ ចូល​រួម​ធ្វើ​ការ​តវ៉ា និង​ថា​តើ​ការ​ចូល​រួម​តវ៉ា​របស់​ព្រះសង្ឃ​ដោយ​អហិង្សា ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​អំពើ​អយុត្តិធម៌​អ្វី​មួយ ខុស​ទៅ​នឹង​ច្បាប់​សង្គម ឬ​វិន័យ​សង្ឃ​ដែរ​ឬ​ទេ?
ព្រះតេជ​គុណ ប៊ុត ប៊ុនតិញ ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម ដែល​តែង​តែ​ដឹក​នាំ​ព្រះសង្ឃ​ជាច្រើន​អង្គ​ចូល​រួម​ធ្វើ​ការ​តវ៉ា​ជាមួយ​ គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជា​ពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​ដោយ​សា​តែ​បញ្ហា​រំលោភ​បំពាន​ដីធ្លី​ ផ្សេងៗ​នោះ បាន​មាន​សង្ឃដីកា​ថា កត្តា​ដែល​បណ្តាល​ឲ្យ​ព្រះសង្ឃ​ងើប​ឡើង​ចូល​រួម​តវ៉ា​នោះ គឺ​ដោយ​សារ​តែ​ការ​គំរាម​កំហែង​ដល់​ព្រះសង្ឃ ការ​កើត​មាន​អំពើ​អយុត្តិធម៌​ក្នុង​សង្គម អំពើ​ពុករលួយ តុលាការ​មិន​ឯករាជ្យ ញាតិ​ញោម​ទឹក​ភ្នែក​រង​ទុក្ខ​ខ្លោច​ផ្សា​គ្រប់​ទីកន្លែង​ហើយ​នៅ​ពេល​ដែល​ ព្រះសង្ឃ​និមន្ត​ចេញ​ទៅ​បិណ្ឌបាត​ឃើញ ដូច្នេះ​ព្រះសង្ឃ​មិន​អាច​នៅ​ស្ងៀម​មិន​ឈឺ​ឆ្អាល​បាន​ទេ។ 
ព្រះអង្គ​បាន​មាន​សង្ឃដីកា​បន្ត​ថា៖ «បើ​មើល​ពី​រូបភាព​ខាង​ក្រៅ​គេ​ថា ព្រះសង្ឃ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ធាតុ​ពិត យើង​មិន​បាន​ធ្វើ​តាម​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ ប៉ុន្តែ​ហេតុ​អ្វី បាន​ជា​ចូល​រួម​តវ៉ា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ?
គឺ​ដោយ​សារ​តែ សង្គ្រោះ​ជាតិ គេ​តវ៉ា​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ម្ចាស់​ឆ្នោត ព្រះសង្ឃ​ឯករាជ្យ មិន​កាន់​បក្ស​ណា​នោះ​ទេ គឺ​ធ្វើ​ដើម្បី​យុត្តិធម៌​សង្គម»។ ព្រះ​តេជគុណ បាន​លើក​ឡើង​ថា ព្រះសង្ឃ​ក៏​ជា​ពលរដ្ឋ​ខ្មែរ ហើយ​ព្រះសង្ឃ​ក៏​មាន​សិទ្ធិ​បោះឆ្នោត​ដូច​ប្រជា​ពលរដ្ឋ​ដែរ​។ 
បើ​តាម​ព្រះ​តេជគុណ ប៊ុនតិញ បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​បាន​ធ្វើ​ការងារ​សង្គម​ជាច្រើន ដូចជា​ចូល​រួម​ជាមួយ​ប្រជា​សហគមន៍ ការពារ​ព្រៃឡង់ ការពារ ភ្នំ​ឱរ៉ាល់ ការពារ​ព្រៃឈើ​នៅ ស្ទឹង​អារ៉ែង ដែល​កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​។ ព្រះអង្គ​បាន​មាន​សង្ឃដីកា​បន្ថែម​ទៀត​ថា៖ «មាន​ខ្លះ​គេ​រិះគន់​យើង ថា ជា​សង្ឃ​ក្លែង​ក្លាយ តែ​ពាក្យ​នេះ​មិន​មែន​ទើប​តែ​មាន​សម័យ ហ៊ុន សែន ទេ គឺ​មាន​តាំង​ពី​សម័យ​ព្រះ​សមនគោត្តម មក​ម៉្លេះ»។ 
ព្រះ​តេជគុណ ប៊ុនតិញ បន្ត​ថា អ្នក​តស៊ូ​ដូច​ជា​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដែល​ធ្វើ​ការ​ដើម្បី​ជាតិ ដើម្បី​ឲ្យ​មាន​យុត្តិធម៌​សង្គម ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ឲ្យ​បាន​គង់វង្ស សម្រាប់​ខ្មែរ​ទាំង​អស់​គ្នា គេ​ថា «យើង​ធ្វើ​ខុស​ច្បាប់​ប៉ុន្តែ​ព្រះសង្ឃ ៧ មករា ដែល​ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល ម៉េច​ក៏​មិន​ថា​ខុស​ច្បាប់​ផង?»។ លើស​ពី​នេះ ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ បាន​គូស​បញ្ជាក់​ថា ពុំ​មាន​ច្បាប់​ណា​មួយ​ដែល​ហាម​មិន​ឲ្យ​ព្រះសង្ឃ​ធ្វើ​ការ​តវ៉ា​នោះ​ទេ។
ចំណែក​ឯ​ព្រះ​តេជគុណ លួន សាវ៉ាត ដែល​កាល​ពី​មុន ជា​ព្រះសង្ឃ​តែ​មួយ​អង្គ​គត់ ដែល​ហាន​ចេញ​មុខ​ធ្វើ​ការ​តស៊ូ​មតិ បន្ទាប់​ពី​ក្រុម​គ្រួសារ​របស់​ព្រះអង្គ​នៅ​ស្រុក ជីក្រែង ខេត្ត សៀមរាប ត្រូវ​បាន​គេ​រំលោភ​បំពាន​យក​ដី​នោះ បាន​មាន​សង្ឃដីការ​ថា កក្តា​ដែល​ធ្វើ​ឲ្យ​ព្រះសង្ឃ​ចេញ​មុខ​ចូល​រួម​តវ៉ា គឺ​ដោយ​សារ​ការ​ដឹក​នាំ​រដ្ឋ​មិន​ប្រកប​ទៅ​ដោយ​ធម៌ ដែល​ធ្វើ​ឲ្យ​កើត​មាន​អំពើ​អយុត្តិធម៌​សង្គម​ធ្ងន់​ធ្ងរ ដូចជា​ការ​ទន្ទ្រាន​យក​ដី​ប្រជា​ពលរដ្ឋ ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ការ​បាញ់​ប្រហារ ការ​ចាប់​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ដាក់​គុក ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ជា​ពិសេស​ព្រៃ​ឈើ។
ព្រះអង្គ​បាន​មាន​សង្ឃដីកា​បន្ថែម​ថា៖ «ដោយ​សារ តែ​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម ការ​ធ្វើ​បាប​ព្រះសង្ឃ ដោយ​សារ​តែ​ប្រទេស​យើង កំពុង​តែ​មាន​ជំងឺ​មហារីក​សង្គម​ដ៏​ធ្ងន់​ធ្ងរ នេះ​ហើយ​ទើប​បណ្តាល​ឲ្យ​ព្រះសង្ឃ​ចេញ​មុខ​តវ៉ា»។ បើ​តាម​ព្រះ​តេជគុណ លួន សាវ៉ាត បច្ចុប្បន្ន​នេះ​ព្រះសង្ឃ បាន​ចែក​ចេញ​ជា​ពីរ​ក្រុម​គឺ​ព្រះសង្ឃ​ស្នេហា​ជាតិ ព្រះពុទ្ធ​សាសនា ហៅ​ថា​ព្រះសង្ឃ​ខ្មែរ​បម្រើ​ខ្មែរ និង​ព្រះសង្ឃ​មួយ​ក្រុម​ទៀត​គឺ​ព្រះសង្ឃ​ខ្មែរ​បម្រើ​ខ្មាំង និង​បម្រើ​បក្ស។
ព្រះ​តេជគុណ សំ គឹមសាទ គង់​នៅ​វត្ត ចំការ​ឈូក ឃុំ ត្រពាំង​ជោ ស្រុក ឱរ៉ាល់ ខេត្ត កំពង់ស្ពឺ ដែល​និមន្ត​មក​ធ្វើ​ការ​តវ៉ា​នៅ​ឯ​រាជធានី​ភ្នំពេញ បាន​មាន​សង្ឃដីកា​ថា កត្តា​ដែល​ធ្វើ​ឲ្យ​ព្រះសង្ឃ​ចេញ​មក​តវ៉ា គឺ​ដោយ​សារ​តែ​ព្រះសង្ឃ​ទទួល​ចង្ហាន់​ពី​ប្រជា​ពលរដ្ឋ ហើយ​នៅ​ពេល​ដែល​ពលរដ្ឋ​មាន​ទុក្ខ​លំបាក ជួប​រឿង​អយុត្តិធម៌ ប្រទេស​ជាតិ​កំពុង​ជួប​បញ្ហា តើ​ឲ្យ​ព្រះសង្ឃ​អាច​គង់​សម្ងំ​នៅ​ក្នុង​វត្ត​ធ្វើ​មិន​ដឹង​មិន​ឮ​យ៉ាង​ម៉េច ​កើត? ព្រះអង្គ​បញ្ជាក់​ថា៖ «យើង​មិន​ចង់​ឃើញ​ការ​គាប​សង្កត់​មក​លើ​ប្រជា​ពលរដ្ឋ​និង​មក​លើ​ព្រះសង្ឃ​ ទេ»។
ព្រះ​តេជគុណ គឹមសាទ មាន​សង្ឃដីកា​ទៀត​ថា នៅ​ពេល​ដែល​ព្រះសង្ឃ​ចូល​រួម​តវ៉ា មាន​ការ​គំរាម​កំហែង​ពី​សម្តេច​សង្ឃ​នោះ គឺ​ដោយ​សារ​តែ​សម្តេច​សង្ឃ ពុំ​ទាន់​បាន​យល់​ច្បាស់ អំពី​គោល​មាគ៌ា​របស់​ព្រះពុទ្ធ​សាសនា ពីព្រោះ​កាល​ពី​សម័យ​ព្រះពុទ្ធ ក៏​មាន​ព្រះសង្ឃ​ចេញ​ស្វែង​រក​សេចក្តី​សុខ​ដល់​មនុស្ស​គ្រប់​គ្នា​ផង​ដែរ។ ព្រះអង្គ​បាន​គូស​បញ្ជាក់​ទៀត​ថា៖ «អាត្មា​គឺជា​មនុស្ស​ដែល​ប្រកប​ដោយ​ធម៌ មិន​មាន​ធ្វើ​អ្វី​ខុស​ទេ ដូច្នេះ​អាត្មា​មិន​មាន​ការ​ភ័យ​ខ្លាច​អ្វី​នោះ​ឡើយ»។
លោក មិន ឃិន រដ្ឋ​មន្ត្រី​ក្រសួង ធម្មការ​និង សាសនា ពុំ​អាច​ទំនាក់​ទំនង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ។
ប៉ុន្តែ សម្តេច​ព្រះ​ឧត្តម​ចរិយា​បណ្ឌិត ឈឹង ប៊ុនឈា អគ្គាធិការ​រង​ពុទ្ធិកសិក្សា​ជាតិ សមាជិក​ថេរ​សភា នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅ​អធិការ​វត្ត ស្រះចក បាន​មាន​សង្ឃដីកា​ថា ទាក់​ទិន​ទៅ​នឹង​រឿង​ព្រះសង្ឃ​ដែល​ចូល​រួម​ធ្វើ​ការ​តវ៉ា គប្បី​ត្រូវ​យល់​ថា សង្ឃ​ជា​ឧត្តម​ភេទ ជា​បុគ្គល​ដែល​ជា​ទី​គោរព​បូជា និង​ជា​ស្រែ​បុណ្យ​ដែល​ពុទ្ធ​បរស័ទ្ធ​ឲ្យ​តម្លៃ​ខាង​សីលធម៌។ ព្រះសង្ឃ​ជា​អ្នក​បួស ជា​អ្នក​រម្ងាប់​ខាង​ផ្លូវ​ចិត្ត​ឲ្យ​សុខ​សន្តិភាព និង​ជា​គំរូ​របស់​ពុទ្ធ​បរិស័ទ មិន​អាច​ប្រើ​ទង្វើ​ប្រកប​ដោយ​ហិង្សា​ណា​មួយ​បាន​ទេ។
ព្រះអង្គ​មាន​សង្ឃដីកា​ថា៖ «ព្រះសង្ឃ​ដែល​ចូល​រួម​តវ៉ា គួរ​គប្បី​គិត​ឡើង​វិញ ពី​វិន័យ​របស់​ខ្លួន បើ​ទង្វើ​ធ្វើ​ផ្ទុយ​ពី​ក្រម​សីលធម៌ ផ្ទុយ​ពី​វិន័យ​សង្ឃ​ក៏​មាន​ឈ្មោះ​បាត់​តម្លៃ​របស់​ខ្លួន​ជា​អ្នក​អប់រំ ស្ងប់​រម្ងាប់​ផ្លូវ​ចិត្ត​ដែរ»។
យ៉ាង​ណា​ក្តី កាល​ពី​អតីតកាល ព្រះសង្ឃ​ខ្មែរ​ក៏​ធ្លាប់​មាន​ប្រវត្តិ​ចូល​រួម​ធ្វើ​ការ​តស៊ូ យ៉ាង​ស្វិត​ស្វាញ ដើម្បី​ការពារ​ជាតិ មាតុភូមិ​ផង​ដែរ ជា​ពិសេស​ដូចជា​ព្រះ តេជគុណ ហែម ចៀវ ដែល​ជា​សាស្ត្រាចារ្យ​បង្រៀន​ព្រះសង្ឃ ព្រះអង្គ​បាន​ធ្វើ​ការ​តស៊ូ​យ៉ាង​ស្វិត​ស្វាញ ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​ជិះជាន់​របស់​អាណានិគម​បារាំង ហើយ​ទី​បំផុត ត្រូវ​បាន​អាណានិគម​បារាំង​សម្លាប់។
លោក សុខ ទូច អ្នក​វិភាគ​នយោបាយ​ឯករាជ្យ មើល​មិន​ឃើញ​ពី​កំហុស​ណា​មួយ ចំពោះ​ការ​ចូល​រួម​តវ៉ា​របស់​ព្រះសង្ឃ​នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា មូល​ហេតុ​ដែល​ព្រះសង្ឃ​ចេញ​មុខ​តវ៉ា​ជាមួយ​ប្រជា​ពលរដ្ឋ​នោះ គឺ​ដោយ​សារ​តែ​ព្រះសង្ឃ​ឆាន់​បាយ​ពលរដ្ឋ ដូច្នេះ​បើ​ពលរដ្ឋ​មាន​ទុក្ខ ព្រះសង្ឃ​ក៏​មិន​អាច​នៅ​ក្នុង​វត្ត​បាន​សុខ​ដែរ គឺ​ត្រូវ​តែ​ទៅ​ការពារ​ពលរដ្ឋ​បើ​មិន​ដូច្នេះ​ទេ​ព្រះសង្ឃ​នឹង​អត់​ចង្ហាន់​ ឆាន់។ លោក​ថ្លែង​ថា៖ «ព្រះសង្ឃ​មាន​សិទ្ធិ​បោះឆ្នោត​ដូច្នេះ​ការ​តវ៉ា របស់​ព្រះសង្ឃ មិន​ខុស​ទេ​ប៉ុន្តែ​សូម​ឲ្យ​មាន​ក្រម​សីលធម៌ ត្រូវ​ចៀសវាង​ការ​ប្រើ​ប្រាស់​នយោបាយ​ដុត​រោល»។
ចំណែក​លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ​ម្នាក់​ទៀត បាន​និយាយ​ថា សកម្មភាព​ចូល​រួម​នៅ​ក្នុង​បញ្ហា​សង្គម​របស់​ព្រះសង្ឃ​នា​ពេល​បច្ចុប្បន្ន នៅ​មិន​ទាន់​សកម្ម ដូច​ព្រះសង្ឃ​កាល​ពី​អតីតកាល​នោះ​ទេ ព្រោះ​ព្រះសង្ឃ​បច្ចុប្បន្ន ឈរ​នៅ​ជួរ​កណ្ដាល​ប៉ុន្តែ​ព្រះសង្ឃ​កាល​ពី​សម័យ​មុនៗ គឺ​ឈរ​នៅ​ក្នុង​ជួរ​មុខ ដោយ​ដឹក​នាំ​ប្រជា​ពលរដ្ឋ​ប្រឆាំង​នឹង​ពួក​បរទេស ឈ្លាន​ពាន រួម​មាន សៀម យួន និង​ពួក​អាណានិគម ជប៉ុន និង បារាំង ដើម្បី​រំដោះ​ទុក្ខ​វេទនា​ជូន​ប្រជាជន​និង​ប្រទេស​ជាតិ។
លោក​បាន​បន្ត​ថា៖ «ទោះ​ជា​តាម​ផ្លូវ​ច្បាប់​ជាតិ​និង​អន្តរជាតិ ក៏​ដូច​ជា​ច្បាប់​និង​ធម៌​វិន័យ​សាសនា​ដែរ ការ​ចូល​រួម​របស់​ព្រះសង្ឃ​ក្នុង​កិច្ចការ​សង្គម នយោបាយ​សេដ្ឋកិច្ច​គឺ​មិន​មាន​ការ​ខុស​ឆ្គង​នោះ​ទេ។​
តួនាទី​របស់​ព្រះសង្ឃ​ នៅ​ក្នុង​សង្គម គឺ​ជួយ​អប់រំ តម្រង់​ទិស​ដល់​ប្រជា​ពលរដ្ឋ និង​ថ្នាក់​ដឹកនាំ​ប្រទេស និង​ជួយ​ឈឺ​ឆ្អាល​ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​មាន​ទុក្ខ​លំបាក»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ