សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Friday, January 3, 2014

ជន​រងគ្រោះ​ដែល​ត្រូវ​គេ​ជួញ​ដូរ​មាន​ជម្រើស​ចង្អៀត

140102_05ភ្នំពេញៈ ស្រ្តី​និង​ក្មេង​ស្រី​មួយ​ចំនួន ​ដែល​រង​គ្រោះ​ ​ដោយ​ការ​ ជួញ​ដូរ​ការ​ចាប់​រំលោភ​និង​អំពើ​​ហិង្សា យេនឌ័រ បាន​រស់​នៅ​ជម្រក​សុវត្ថិភាព​ របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍ ​របស់​ស្រ្តី​ កម្ពុជា (CWDA) ដែល​បង្កើត​ឡើង​ដើម្បី​ការពារ​ស្រ្តី និង​ក្មេង​ស្រី​ចំនួន ២០នាក់ ពី​ការ​ជួញ​ដូរ​ការ​ចាប់​រំលោភ​និង​អំពើ​ហិង្សា​យេនឌ័រ។
លោក​ស្រី Fiona Mann អាយុ ២៦ឆ្នាំ ដែល​ជា​ទីប្រឹក្សា​ផ្នែក​តស៊ូ​មតិ និង​គោល​នយោបាយ​សម្រាប់ CWDA បាន​ថ្លែង​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​នៅ​ទី​នេះ​ពួក​គេ​ប្រហែល​ជា​ស្ថិត​នៅ​ក្នុង​ហានិភ័យ​ នៃ​អំពើ​ហិង្សា​ច្រើន​ឬ ដេក​នៅ​តាម​ផ្លូវ។ នៅ​កម្ពុជា ស្រ្តី និង​ក្មេង​ស្រី​ត្រូវ​ការ​សុវត្ថិភាព​បែប​នេះ»។
ស្រី ពេជ្រ មាន​អាយុ ៦ឆ្នាំ នៅ​ពេល​ឪពុក​របស់​នាង​ស្លាប់​ដោយ​សារ​ជំងឺ​ថ្លើម ដោយ​ទុក​ឲ្យ​នាង និង​បង​ប្អូន​វ័យ​ក្មេង ៥ នាក់ រស់​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក។ ម្តាយ ស្រី ពេជ្រ បាន​លក់​នាង​ជា​ទ្រព្យ​បញ្ចាំ​នឹង​ប្រាក់​កម្ចី​ដែល​ម្ចាស់​ប្រាក់​កម្ចី​ នោះ​បាន​បង្ខំ​នាង​ឲ្យ ​ធ្វើការ​នៅ​ក្នុង​ផ្សារ​មួយ​ក្នុង​តំបន់​ដែល​នាង​រស់ ​នៅ​រហូត​ដល់​នាង​អាយុ ១២ឆ្នាំ។ នៅ​ពេល​នេះ​នាង​មាន​អាយុ ១៩ ឆ្នាំ។ នាង​សង្ឃឹម​ថា​នឹង​ចាប់​ផ្តើម​ចូលរៀន​នៅ​មហា​វិទ្យាល័យ នៅ​ឆ្នាំ​ក្រោយ។ នាង​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ឲ្យ​អង្គការ Skateistan Cambodia ហើយ​ការងារ​នេះ​គឺជា​អ្វី​ដែល​នាង​ចូល​ចិត្ត។
ជម្រើស​តូច​ចង្អៀត
ស្រ្តី​ដែល​ទទួល​រង​ការ​បំពាន​និង​ការ​ជួញ​ដូរ​មាន​ជម្រើស​តូច​ចង្អៀត​នៅ ​ក្នុង​ប្រទេស ដែល​មន្រ្តី​ទទួល​បន្ទុក​ការ​អនុវត្ត​ច្បាប់​ជា​ញឹក​ញាប់ គឺជា​ជន​ល្មើស​ប្រព្រឹត្ត​អំពើ​ហិង្សា​ហើយ​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ងាយ​ ទទួល​រងគ្រោះ​ចំពោះ​អំពើ​ហិង្សា​ពី​អាជ្ញាធរ​នៅ​ក្នុង​មជ្ឈមណ្ឌល​សុវត្ថិភាព ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល។
របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (HRW) ឆ្នាំ ២០១០ បាន​កត់​សម្គាល់​ថា «ស្រ្តី និង​ក្មេង​ស្រី​ពាក់ព័ន្ធ​ក្នុង​សេវា​ផ្លូវ​ភេទ​ប្រឈម​មុខ​នឹង​ការ​វាយដំ ការ​ចាប់​រំលោភ​ការ​បៀត​បៀន​ផ្លូវ​ភេទ ការ​ជំរិត​យក​ប្រាក់ ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ក្នុង​លក្ខណៈ​រំលោភ​បំពាន​ការងារ​បង្ខំ​និង​ការ​ទទួល​រង​ការ​ ប្រព្រឹត្ត​ព្រៃផ្សៃ និង​គ្មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​កណ្តាប់​ដៃ​នគរបាល​សន្តិសុខ​ សួនច្បារ​សាធារណៈ មន្រ្តី​រដ្ឋាភិបាល និង​អ្នក​ដែល​ធ្វើ​ការងារ​នៅ​ក្នុង​មជ្ឈមណ្ឌល​និង​អង្គភាព​ដែល​ស្ថិត​នៅ​ ក្រោម​ក្រសួង សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា»។
វា​មិន​មែន​ត្រឹម​តែ​ស្រ្តី​នោះ​ទេ ប៉ុន្តែ​សូម្បី​តែ​បុរស​ក៏​ដូច​គ្នា​ដែរ។ លោក សុភា អាយុ ២៦ឆ្នាំ ដែល​ទទួល​រង​ករណី​យាយី​ធ្វើ​បាប​ផង​ដែរ​នោះ​បាន​ថ្លែង​ថា មិត្តភក្តិ​ជាច្រើន​ក្នុង​ចំណោម​មិត្តភក្តិ​របស់​លោក​ដែល​រួម​មាន​ទាំង​ ប្រុស​ទាំង​ស្រី​ត្រូវ​បាន​គេ​ទៅ​ចាប់​ដាក់​ឡាន​នៅ​ជុំវិញ​វត្ត ភ្នំ គ្រាន់​តែ​ដោយ​សារ​ការ​នៅ​ជុំៗ​គ្នា​ជា​ក្រុម​ហើយ​ជា​ញឹក​ញាប់​ត្រូវ​បាន​ ឃុំ​ខ្លួន​មុន​ការ​កាត់​ទោស​ដោយ​មិន​មាន​អ្នក​តំណាង​ផ្លូវ​ច្បាប់ លើ​បទ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ការ​ញុះញង់​សាធារណៈ។ «ពេល​ខ្លះ យើង​មិន​មែន​ជា​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ទេ ប៉ុន្តែ​យើង​គ្រាន់​តែ​ដើរ​ជុំវិញ​កន្លែង​នោះ ហើយ​បន្ទាប់​មក​ត្រូវ​ចាប់​ខ្លួន​ដោយ​ស​ង្ស័យ​ថា​ជា​អ្នក​រក​ស៊ី​ផ្លូវ​ ភេទ»។
ការ​រើស​អើង​ក្នុង​សង្គម​ទៅ​លើ​សហគមន៍ LGBQT (ភេទ ទី៣) ក្នុង​ប្រទេស កម្ពុជា គឺ​មាន​លក្ខណៈ​ខ្លាំង​ក្លា។ នេះ​បើ​តាម សុភា។ សុភា បាន​ថ្លែង​ថា៖ «ឪពុក​ម្តាយ​និង​សាច់​ញាតិ ជា​ញឹក​ញាប់​ឲ្យ​ខ្ទើយ​នៅ​ផ្ទះ។ ពេល​ខ្លះ​យើង​មិន​អាច​ទៅ​រៀន។ ពួក​យើង​ជាច្រើន​បាន​ជួល​បន្ទប់​មួយ​ហើយ​រស់​នៅ​ជាមួយ​គ្នា​ដើម្បី​ជួយ​គ្នា ​ទៅ​វិញ​ទៅ​មក»។ សុភា ថ្លែង​ថា លោក​បាន​រស់​នៅ​ក្នុង​វិធី​នេះ​នៅ ប៉ោយប៉ែត និង ភ្នំពេញ។
បី​ឆ្នាំ​បន្ទាប់​ពី​ការ​ចេញ​របាយ​ការណ៍​របស់ HRW ភាព​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​និង​អំពើ​ពុករលួយ​ខ្លាំង​ក្លា​របស់​ រដ្ឋាភិបាល​នៅ​តែ​បន្ត​កើត​មាន​ទៅ​លើ​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​ទាំង​នោះ។
ការ​សិក្សា​មួយ​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ចេញ កាល​ពី​ខែ កញ្ញា បាន​រក​ឃើញ​ថា បុរស​ម្នាក់​ក្នុង​ចំណោម​បុរស ៥នាក់ បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សេព​សន្ថវៈ ប៉ុន្តែ​ជាង ៤៤ ភាគរយ​ក្នុង​ចំណោម​ពួក​គេ​មិន​ដែល​ប្រឈម​មុខ​នឹង​ផល​វិបាក​ផ្លូវ​ច្បាប់​ណា​ មួយ​ទេ។
បើ​ទោះ​ជា​មិន​មាន​ទិន្នន័យ​បង្ហាញ​ក៏​ដោយ ក៏​មួយ​ភាគ​ធំ​នៃ​ការ​រំលោភ​បំពាន​នោះ​គឺ​ប្រព្រឹត្ត​ទៅ​លើ​ស្រ្តី​រក​ស៊ី​ ផ្លូវ​ភេទ។ ជា​ឧទាហរណ៍​ការ​សិក្សា​ដដែល​បាន​បង្ហាញ​ថា កម្ពុជា​គឺជា​ប្រទេស​តែ​មួយ​គត់​ដែល​ការ​រំលោភ​បូក​គឺ​កើត​ឡើង​ទូទៅ​ខ្លាំង​ បើ​និយាយ​ពី​ទម្រង់​នៃ​ការ​ចាប់​រំលោភ​នៅ​ប្រទេស​ដទៃៗ​មាន​លក្ខណៈ​តិច​តួច។ ការ​រំលោភ​បូក មាន​ន័យ​ថា ជា​ការ​រំលោភ​ច្រើន​គ្នា​ទៅ​លើ​ស្រ្តី​តែ​ម្នាក់​នៅ​ក្នុង​បរិបទ នៃ​ឧស្សាហកម្ម​ផ្លូវ​ភេទ​ក្នុង​ប្រទេស កម្ពុជា ហើយ​ជា​ញឹក​ញាប់​ពាក់ព័ន្ធ​នឹង​ករណី​បុរស​ម្នាក់​ទិញ​ការ​រួម​ភេទ​ជាមួយ​ នារី​រក​ស៊ី​ផ្លូវ​ភេទ រួច​បន្ទាប់​មក​បន្ត​ទៅ​ឲ្យ​មិត្តភក្តិ​ដទៃៗ​រួម​ភេទ​ដែរ។ នេះ​បើ​តាម​នារី​និង​បុរស​រក​ស៊ី​ផ្លូវ​ភេទ​ដែល​ត្រូវ​បាន​សម្ភាស។
នៅ​ក្នុង​របាយ​ការណ៍​ដដែល​របស់​អង្គការ​សហ​ប្រជាជាតិ បុរស​កម្ពុជា បាន​លើក​ឡើង​ថា​ការ​មាន​សិទ្ធិ​រួម​ភេទ គឺជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​ពួក​គេ​ឈាន​ទៅ​ដល់​ ការ​រំលោភ​ហើយ​ក្នុង​នោះ ៤៥ ភាគរយ​នៃ​បុរស​ទាំង​នោះ​ថ្លែង​ថា ពួក​គេ​មាន​សិទ្ធិ​រួម​ភេទ​ជាមួយ​ស្រ្តី។ ផ្នែក​នៃ​បញ្ហា​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​បែប​នេះ​គឺ​ថា ការ​ជួញ​ដូរ​និង​ការងារ​រក​ស៊ី​ផ្លូវ​ភេទ គឺ​កម្រ​ត្រូវ​បាន​ដាក់​ចំណាត់​ថ្នាក់​ទៅ​ជា​ពីរ​ថ្នាក់​ផ្សេង​គ្នា​ណាស់ ក្នុង​ប្រទេស​កម្ពុជា ហើយ​ដែល​ធ្វើ​ឲ្យ​វា​លំបាក សម្រាប់​នារី​រក​ស៊ី​ផ្លូវ​ភេទ​ធ្វើ​ការ​តស៊ូ​មតិ​សម្រាប់​សិទ្ធិ​របស់​ពួក​ គេ។
Cheryl Overs អ្នក​ស្រាវជ្រាវ និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ពី​ទីក្រុង Melbourne ប្រទេស អូស្រ្តាលី ដែល​ឯកទេស ក្នុង​កម្មវិធី​គាំពារ​និង​ទប់​ស្កាត់​មេរោគ​អេដស៍ សម្រាប់​បុរស ស្រ្តី និង​ភេទ​ទី​បី នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ បាន​ភ្ជាប់​បញ្ហា​បរាជ័យ​នោះ​ទៅ​នឹង​ការ​ខ្វះ​ការ​ការពារ។
Overs បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​មួយ​កាល​ពី​ខែ វិច្ឆិកា ថា៖ «រឿង​សំខាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺថា ការ​មិន​ញែក​គ្នា​ឲ្យ​ដាច់​រវាង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​និង​ការងារ​ ផ្លូវ​ភេទ»។ ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​និង ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​ឆ្នាំ ២០០៨ របស់​កម្ពុជា​គឺ​ថា រាល់​ទម្រង់​ទាំង​អស់​នៃ​ពេស្យាកម្ម គឺ​ខុស​ច្បាប់។
Overs បាន​ពន្យល់​ថា៖ «កម្មវិធី​ការពារ​របស់​រដ្ឋាភិបាល​គឺ​បង្ហាញ​ឲ្យ​គេ​យល់​ច្បាស់​ប៉ុន្តែ​មិន ​ផ្អែក​ទៅ​លើ​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ ១០០ ភាគរយ។ វា​ផ្អែក​ទៅ​លើ​ការ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​និង​កាមរោគ»។ ជា​ឧទាហរណ៍​ប្រកាស ៦៦ គឺជា «បទ​ប្បញ្ញត្តិ​របស់​រដ្ឋាភិបាល» ដែល​ហាម​ប្រាម​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ជា​ភ័ស្តុតាង​នៃ​ពេស្យាកម្ម​ ផ្លូវ​ភេទ។
Overs ថ្លែង​ថា៖ «វា​មិន​ងាយ​ស្រួល​អ៊ីចឹង​ទេ ពី​ព្រោះ​នគរបាល យក​ស្រោម​អនាម័យ​ធ្វើ​ជា​វត្ថុតាង ដូច្នេះ​នារី​រក​ស៊ី​ផ្លូវ​ភេទ មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ទុក​វា​ជាប់​នឹង​ខ្លួន»។
ចូល​សហជីព
នៅ​ក្នុង​ប្រទេស​មួយ ដែល​ការ​ជួញ​ដូរ និង​ពេស្យាកម្ម​ត្រូវ​បាន​បញ្ចូល​គ្នា​តែ​មួយ​ហើយ​ឧក្រិដ្ឋកម្ម​ផ្លូវ​ភេទ​ ប្រឆាំង​នឹង​ស្រ្តី​កើត​មាន​នៅ​កន្លែង​ជាច្រើន​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​មួយ ​ចំនួន​បាន​ស្វែង​រក​ការ​ការពារ​តាម​រយៈ​ការ​បង្កើត​សហជីព។ CWDA ដែល​ជា​ជម្រក​សម្រាប់​ស្រី ពេជ្រ និង​ស្រ្តី ៧ នាក់​ដទៃ​ទៀត​ត្រូវ​បាន​ហៅ​មួយ​ទៀត​ថា​សហជីព​នារី​ពេស្យា​កម្ពុជា (CPU)។
CPU ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​សុវត្ថិភាព​និង​សុខភាព​វិជ្ជាជីវៈ សម្រាប់​នារី​ក្នុង​វិស័យ​កម្សាន្ត​រួម​មាន «នារី​ដែល​លក់​សេវា​ផ្លូវ​ភេទ​ផ្ទាល់ និង​នារី​រក​ស៊ី​ផ្លូវ​ភេទ​មិន​ផ្ទាល់​នៅ​កន្លែង​ម៉ាស្សា បៀរហ្គាឌិន និង​ខារ៉ាអូខេ»។ នេះ​បើ​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់ CWDA ដែល​ចេញ​កាល​ពី​ឆ្នាំ​មុន។
ស្រ្តី​ដែល​មាន​ប្រាក់​តិច​តួច​ឬ​មិន​មាន​ប្រាក់​នៅ​តែ​អាច​ក្លាយ​ជា​ សមាជិក​របស់ CPU បាន ពី​ព្រោះ​សហជីព​នេះ មិន​យក​ថ្លៃ​សមាជិកភាព​ទេ។ នេះ​បើ​តាម កែវ ស៊ីចាន់ អ្នក​សម្រប​សម្រួល​សម្រាប់​កម្មវិធី​សុខភាព​របស់​ស្រ្តី​និង​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍​សម្រាប់ CPU។
ខណៈ​ពួក​គេ​មិន​មាន​សិទ្ធិ​រស់​នៅ​ក្នុង​ផ្ទះ​សុវត្ថិភាព ​ដែល​ទុក​បម្រុង ​សម្រាប់​តែ​អ្នក​ដែល​ស្ថិត​ក្នុង​លក្ខណៈ​រងគ្រោះ​ខ្លាំង​នៃ​ការ​ជួញ​ដូរ​ឬ​ ​ អំពើ​ហិង្សា​ស្រ្តី​សេវា​កម្សាន្ត ​រួម​ទាំង​អ្នក​ដែល​ផ្ទុក​មេរោគ​អេដស៍​និង ​ជំងឺ អេដស៍​នៅ​ក្នុង​ខណ្ឌ ដូនពេញ ឫស្សីកែវ និង​ទួលគោក ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ការ​អប់រំ​អំពី​សុវត្ថិភាព​វិធីសាស្រ្ត​ការពារ​ សុវត្ថិភាព​នៅ​កន្លែង​ការងារ​និង​ច្បាប់។ នេះ​បើ​តាម ស៊ីចាន់។
CPU មិន​មែន​ជា​អង្គការ​តែ​មួយ​គត់​នោះ​ទេ។ កាល​ពី​ឆ្នាំ ២០០០ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ៥ បាន​ជួយ​នារី​រក​ស៊ី​ផ្លូវ​ភេទ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បង្កើត​ក្រុម​ សមូហភាព​មួយ​សម្រាប់​ស្រ្តី​ដែល​ធ្វើ​ការងារ​នៅ​ឧស្សាហកម្ម​ផ្លូវ​ភេទ​គឺ បណ្តាញ​ស្រ្តី​សម្រាប់​ការ​រួប​រួម​គ្នា (WNU)។
សព្វ​ថ្ងៃ​នេះ សមាជិក​របស់​អង្គការ​នេះ​មាន​ចំនួន​ជាង ៦០០០ នាក់​ក្នុង​ខេត្ត​ចំនួន ៧។ នេះ​បើ​តាម ម៉ាលីស ដែល​ជា​សមាជិក​ម្នាក់​និង​អតីត​ប្រធាន។
ម៉ាលីស ដែល​ធ្វើ​ជា​ប្រធាន​រយៈ​ពេល ៣ឆ្នាំ បាន​ចូល​រួម​កាល​ពី​ឆ្នាំ ២០០១ បន្ទាប់​ពី​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ម្នាក់​បាន​ជ្រើស​រើស​កញ្ញា​ ពី​បន​នៅ ស្វាយប៉ាក។ សព្វ​ថ្ងៃ​នេះ នាង​រក​បាន​ប្រាក់​ប្រមាណ ១៥ ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ កញ្ញា ថ្លែង​បន្ត​ថា៖ «យើង​ត្រូវ​តែ​ជួយ​គ្នា។ បង្រៀន​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​អំពី​កន្លែង​ដែល​ពួក​គេ អាច​ទៅ​បាន»។សាខា​នីមួយៗ របស់​សហជីព បាន​បោះឆ្នោត​ជ្រើស​រើស​តំណាង​សម្រាប់​រយៈ​ពេល ៣ឆ្នាំ ដែល​អ្នក​រក​ស៊ី​ក្លែង​ភេទ ប្រុស​រួម​ភេទ​ជាមួយ​ប្រុស និង​ស្រី​ស្រឡាញ់​ស្រី ត្រូវ​បាន​ជ្រើស​តាំង​ដោយ​មេ​ដឹក​នាំ​ជាប់​ឆ្នោត​​ របស់​ពួក​គេ​ដែល​តំណាង​ឲ្យ​ប្រយោជន៍​របស់​ពួក​គេ​ក្នុង​កិច្ច​ប្រជុំ​កន្លះ​ ឆ្នាំ​ម្តង។
កញ្ញា តានា បាន​និយាយ​ថា WNU បាន​គិត​ថ្លៃ​សម្រាប់​សមាជិកភាព ដែល​គេ​ប្រើ​ប្រាស់​សម្រាប់​ទូទាត់​តម្លៃ​ថែទាំ​សុខភាព ប្រសិន​បើ​ពួក​គេ រងគ្រោះ នៅ​ពេល​កំពុង​បំពេញ​ការងារ។ ប្រសិន​បើ​សមាជិក​ណា​ម្នាក់​ត្រូវ​ការ​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍ ឬ​ជំងឺ​អេដស៍ ត្រូវ​ការ​ការ​ថែទាំ​ខាង​សុខាភិបាល ឬ​រម្លូត​កូន សហជីព​ជួយ​សម្រួល​ដល់​សេវា​ទាំង​នេះ​នៅ​ឯ​មន្ទីរពេទ្យ​មិត្តភាព ជប៉ុន និង​មន្ទីរពេទ្យ សូវៀត។
កញ្ញា​ថ្លែង​ថា៖ «ប្រសិន​បើ​យើង​បារម្ភ​ថា ជា​សមាជិក​ម្នាក់​មាន​មេរោគ​អេដស៍​ឬ​ជំងឺ​អេដស៍ នោះ​យើង​នឹង​បញ្ជូន​ពួក​គេ​ទៅ​អង្គការ​សុខភាព​បន្ត​ពូជ RHAC ហើយ​ប្រសិន​បើ​ពួក​គេ ត្រូវ​ការ​រម្លូត​កូន យើង នឹង​បញ្ជូន​ពួក​គេ​ទៅ Marie Stopes»។ កញ្ញា បញ្ជាក់​ថា តម្លៃ​នៃ​ការ​រម្លូត តម្លៃ​ប្រមាណ ៣០ ដុល្លារ​នៅ​ឯ Marie Stopes Cambodia [MSI] ប៉ុន្តែ​សមាជិក​អង្គការ​នេះ ត្រូវ​ចំណាយ​ត្រឹម​តែ ៣ ម៉ឺន​ទៅ ៤ ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ។
កញ្ញា Stephanie Wallach នាយក​នៃ MSI បាន​ថ្លែង​ថា ខណៈ​ដែល​អ្នក​ស្រី មិន​បាន​ដឹង​ពី​ទំនាក់​ទំនង​ពិសេស​ណា​មួយ​រវាង​អង្គការ​នេះ និង WNU តម្លៃ​នៃ​ការ​ថែទាំ​សុខភាព​ដែល​រួម​មាន​ការ​រម្លូត គឺ​ធ្វើ​តាម​បញ្ជា​របស់​ប្រធាន​មជ្ឈមណ្ឌល​នីមួយៗ។
សុភា តំណាង​ឲ្យ​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ក្លែង​ភេទ​របស់ WNU ដែល​អ្នក​ស្រី​មាន​សមាជិក​ជាង ១០០ នាក់​នៅ​ខេត្ត​ចំនួន ៨ និង​បាន​ចាប់ផ្តើម​រក​ស៊ី​ផ្លូវ​ភេទ​កាល​ពី​ឆ្នាំ ១៩៩៣ ដើម្បី​ជួយ​ម្តាយ​ផ្គត់​ផ្គង់​ក្មួយ​ស្រី​វ័យ​ក្មេង​ចំនួន​ពីរ​នាក់​ដែល​ គ្រួសារ​របស់​អ្នក​ស្រី មិន​បាន​ដឹង​ថា​លុយ​ដែល​ទិញ​ម្ហូប អាហារ គឺ​បាន​មក​តាម​រយៈ​ការ​រក​ស៊ី​នៅ​តាម​ផ្លូវ​ទេ។ មុខ​មាត់​តុប​តែង​របស់​អ្នក​ស្រី ត្រូវ​បាន​បិទ​បាំង​ខណៈ​ដែល​អ្នក​ស្រី​ថា អតិថិជន​ដែល​មាន​ការ​ខឹង​សម្បា​ហើយ​ស្រវឹង ជារឿយៗ​បាន​វាយ​បន្ទាប់​ពី​ដឹង​ថា ប្រដាប់​ភេទ​របស់​អ្នក​ស្រី​គឺ​បុរស។
កញ្ញា​បញ្ជាក់​ថា៖ «មុន​ពេល​ខ្ញុំ ជា​អ្នក​រក​ស៊ី​ផ្លូវ​ភេទ ខ្ញុំ​ធ្លាប់​លក់​ផ្លែ​ក្រូច​ក្បែរ​វិមាន​ឯករាជ្យ»៕
(ឈ្មោះ​ដែល​ត្រូវ បាន​សម្ភាស ត្រូវ​បាន​ផ្លាស់​ប្តូរ​ដើម្បី​ការពារ​អត្ត​សញ្ញាណ​របស់​ពួក​គេ) PS/NR

ប្រភពៈ ភ្នំពេញប៉ុស្តិ៍

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ