សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Sunday, December 15, 2013

យោធា​ថៃ​រក្សា​អព្យាក្រិត្យ មិន​ទោ​ទន់​តាម​ការ​អូសទាញ​របស់​បក្ស​ប្រឆាំង

ថៃ៖ ប្រមុខ​ដឹកនាំ​ចលនា​បាតុកម្ម​ថៃ លោក ស៊ូថេប ថងស៊ូបាន បាន​បង្ហាញ​ផែនការ​ ​ បញ្ចុះ​បញ្ចូលស្ថាប័ន​​​យោធាដែល​ធ្លាប់​ធ្វើ​រដ្ឋ​ប្រហារ​ជា​ញយ​ដង​ទម្លាក់​ រដ្ឋាភិបាល​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត រួច​រាល់​ហើយ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ។ ប៉ុន្តែ​មិន​ដូច​បំណង ក្រុម យោធាបាន​បដិសេធសំណើ​នោះ ហើយ​ប្រកាស​រក្សា​អព្យាក្រិត្យ មិន​ប្រកាន់​ជំហរ​គាំទ្រ​ ឬ​ប្រឆាំង​នឹង​បក្ស​ណា​ឡើយ។
តួនាទី​របស់​យោធា គឺ​ការពារ​ប្រជាជន​ថៃ គ្រប់​រូប ! បង្ក្រាប​បង្គាប់​ប្រជាជន​ មិន​មែន​ជា​ភារកិច្ច​​របស់​កងទ័ព​ឡើយ ! នេះ​ជា​ប្រសាសន៍​របស់​លោក ថាណាសក្តិ ប៉ាទីម៉ាប្រាកន មេបញ្ជាការ​កំពូល​កង​ទ័ព​ថៃ ដែល​បាន​ចូល​ជួប​ពិភាក្សា​ជាមួយ​នឹង​ក្រុម​ប្រឆាំង​ដឹក​នាំ​ស្នើ​ឡើង​​​​លោក ស៊ូថេប ថងស៊ូបាន ក្នុង​វេទិកា​សាធារណៈ ល្ងាច​មិញ។

ជា​មួយ​នឹងប្រកាស​រក្សា​​​អព្យាក្រិតភាព​ និង​ជា​អ្នក​សង្កេត​ការណ៍​ធានា​រាប់​រង​សុវត្ថិភាព​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ មុន​អាណត្តិ​ ថ្ងៃ​ទី២​កុម្ភៈ មេទ័ព​ថៃ នៅ​ចំពោះ​មុខ​មេទ័ព​ជើង​អាកាស និង​ជើង​ទឹក បាន​អំពាវនាវ​ឱ្យ​លោក​ស៊ូថេប ថងស៊ូបាន ​​ជ្រើសរើស​យក​ដំណោះស្រាយ​តាម​ផ្លូវ​ចរចា គឺ​ផ្ទុយ​ស្រលះ​ពី​គំនិត​របស់​​មេ​ដឹកនាំ​ចលនា​ប្រឆាំងដែល​ចង់​ឃើញ​យោធា​ចូល ​រួម​ដៃ​ជាមួយ​ ដើម្បី​អាច​បិទ​បញ្ចប់​វិបត្តិ​បាន​ឆាប់​រហ័ស។

លោកស៊ូថេប ថងស៊ូបាន តាំង​ពីល្ងាច​​ថ្ងៃ​សុក្រ​មក មិន​ស្ងប់ចិត្ត​ទេ ពេល​បាន​ឮ​សេចក្តី​សម្រេច​ចិត្ត​រំលាយ​សភា របស់​លោកស្រី​នាយក​រដ្ឋមន្ត្រី​ យីងឡាក់ ស៊ីណាវ៉ាត់ និង​ការ​ប្រកាស​រៀប​ចំ​ការ​បោះ ឆ្នោត​មុន​អាណត្តិ​របស់​ព្រះ​មហាក្សត្រ​ បានស្នើ​​បង្កើត​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​មួយ មាន​បេសក កម្មពិសេស​ធ្វើ​កំណែ​ទម្រង់​​នយោបាយ​ កែច្បាប់​បោះឆ្នោត​ និង​ការ​គ្រប់​គ្រង​បក្ស​នយោបាយ ធ្វើ​យ៉ាង​ណា​បិទ​បញ្ចប់​ការ​ទិញ​សំឡេង និង​លួច​បន្លំ​សន្លឹក​ឆ្នោត ព្រម​ទាំង​នយោបាយ​ប្រជាពិថុតិ​ ដើម្បី​គាស់​រំលើង​ត្រកូល​ ស៊ីណាវ៉ាត់ ឱ្យ​ចេញ​ផុត​ពី​ផ្ទៃ​នៃ​នយោបាយ​ថៃ។ ដើម្បី​អាច​សម្រេច​កម្មវត្ថុ​នេះ បាន គេ​ត្រូវ​​​បង្កើត​ជា​ក្រុមប្រឹក្សា​ប្រជាជន​មួយ​ ​ជា​អ្នក​សម្រេច​​ជ្រើសរើស​មេដឹកនាំ​ប្រទេស មិន​មែន​ដោយ​ការ​បោះឆ្នោត​ តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ទេ។

ប៉ុន្តែ​ ​អ្នក​វិភាគ​​នយោបាយថៃ​ បាន​ទស្សទាយ​តាំង​ពី​ដំបូង​ថា​ ជំនួប​រវាង​ប្រមុខ​បក្ស​ប្រឆាំង​និង​យោ ធា ​ទំនង​ជា​គ្មាន​លទ្ធផល​អ្វី​ ជា​ដុំ​កំភួន​ទេ។ យោធា​​ដែល​មាន​ប្រវត្តិ​ធ្វើ​ និង​ប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារ​ ដល់​ទៅ​១៨​ដង​ក្នុង​រយៈពេល​៨០​ឆ្នាំ ចុងក្រោយ​នេះ បាន​ស្នើ​ខ្លួន​ជា​អន្តរការី និង​តាំង​ខ្លួន​ឱ្យ​នៅ​ឆ្ងាយ​ពី​វិបត្តិ​នា​ពេល​នេះ។ ម្យ៉ាង​វិញ​ទៀត កងទ័ព​ថៃ​​ដឹង​ខ្លួន​ថា​មិន​អាច​ប្រកាន់​ជំហរ​ឬ​បក្ស​ពួក​ ដូច​អតីត កាល​បាន​ទេ ព្រោះ​សហគមន៍​អន្តរជាតិ​ តាមដាន​យ៉ាង​កៀក​កិត​ស្ថានភាព​នយោបាយ​ថៃ​នេះ៕
 
ប្រភពៈ ភូមិអច្ឆរិយៈ

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ