ខេត្តមណ្ឌលគិរី ៖
កំណាត់ឈើប្រណីតប្រភេទនាងនួនចំនួន៥៤ដុំធំៗ
ត្រូវមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ខណ្ឌមណ្ឌលគិរីចុះបង្ក្រាបបាននៅ
ក្បែរចំណុចច្រករបៀងង៉ាំដី ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម
ស្រុកកែវសីមា ដែលការចុះបង្ក្រាបនេះធ្វើឡើងរយៈពេល៣ថ្ងៃ
ចាប់ពីថ្ងៃទី១ ដល់ព្រឹកថ្ងៃទី៤ ធ្នូ ២០១៣។
ប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យដឹងថា
ឈើនាងនួនដែលជំនាញបង្ក្រាបបាននេះ មានចំនួន៥៤កំណាត់
និងមានមុខកាត់ចាប់ពី២០សង្ទីម៉ែត្រគុណ២០សង្ទីម៉ែត្រ
ប្រវែង១.៨ម៉ែត្រ មុខកាត់៣០សង្ទីម៉ែត្រគុណ៣០សង្ទីម៉ែត្រ
ប្រវែង២.២ម៉ែត្រ
ប៉ុន្តែគេនៅមិនទាន់ដឹងពីចំនួនម៉ែត្រគូបនៅឡើយទេ
ព្រោះមន្ត្រីជំនាញកំពុងធ្វើការបន្ត។
ប្រភពបន្តថា
ឈើទាំងនោះជំនាញបានប្រើរយៈពេលបីថ្ងៃក្នុងការបង្ក្រាប
ដោយនៅថ្ងៃទី១ ធ្នូ
ចាប់បានចំនួន២២កំណាត់នៅចម្ងាយប្រមាណជាង១០០ម៉ែត្រពីប៉ុស្តិ៍
ច្រករបៀងង៉ាំដី និងនៅព្រឹកថ្ងៃទី៤ ធ្នូ
កម្លាំងជំនាញបានបន្តរុករកឃើញកំណាត់ឈើប្រណីតនៅក្នុងអូរព្រំដែន
ចំនួន៣២កំណាត់បន្ថែមទៀតដែលឈ្មួញបានទម្លាក់ចូលត្រៀមលើកឆ្លងទៅ
លក់ឱ្យក្រុមថៅកែវៀតណាម ហើយត្រូវមេព្រៃចុះចាប់ទាន់ពេល
តែទោះជាយ៉ាងណាប្រភពបានបញ្ជាក់ថា
ទម្រាំតែកម្លាំងជំនាញទៅដល់ទីនោះ
កំណាត់ឈើមួយចំនួនត្រូវគេបញ្ជូនចូលទៅ ទឹកដីប្រទេសវៀតណាមរួច
ខ្លះទៅហើយ៕
No comments:
Post a Comment