សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Wednesday, December 4, 2013

ឆ្នាំ ២០១៤ ​កម្ពុជានឹងបើកឲ្យមាន​ការស្មុំកូនចិញ្ចឹម​ពីកម្ពុជា​ឡើងវិញ

​រាជធានីភ្នំពេញ​៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច​ អតីតយុទ្ឋជន ​និងយុវនីតិសម្បទា​ លោក នឹម ថូត បានមានប្រសាសន៏ពន្យល់ថា ​ការផ្អាកការ​ស្មុំកូន​ចិញ្ចឹមពីកម្ពុជា​ចាប់តំាង​ពីច្បាប់​ ស្មុំកូន​ត្រូវបានអនុម័តកាលពីឆ្នាំ២០០៩នោះ​ គឺដើម្បីទុកពេលឲ្យ​មានការរៀបចំ​ក្របខណ្ឌលិខិត​បទដ្ឋាន​គតិយុត្តិ​ យន្តការចំាបាច់ និងបណ្តុះបណ្តាល​អ្នកពាក់ព័ន្ឋនានា ក្នុងបំណង​ការពារកុមារកំព្រា​កម្ពុជាពីការជួញដូរ ។

យ៉ាងណា​ក៏ដោយលោក​រដ្ឋលេខាធិការ​ក្រសួងសង្គមកិច្ច​ បានបញ្ជាក់ឲ្យដឹងដែរថា​ នៅឆ្នាំ២០១៤​ខាង​មុខនេះ ​កម្ពុជានឹងបើកឲ្យ​មានការស្មុំកូន​យកទៅចិញ្ចឹមឡើងវិញ។ ថ្លែងនៅ​ក្រៅ​កិច្ច​ប្រជុំ​​ ពិគ្រោះ​​​យោបល់​ថ្នាក់ជាតិ​ ស្តីពីការ​ស្មុំ​កូនពី​កម្ពុជា​ និង ការស្មុំកូនអន្តរប្រទេស​ និងនា​ព្រឹក​ថ្ងៃទី​០៤ ​ធ្នូ​ ២០១៣​ នៅ​សណ្ឋាគារ សាន់វ៉េ ​រាជធានីភ្នំពេញ លោក នឹម ថូត​ បានឲ្យដឹងដែរថា​ ចាប់តំាងពីឆ្នាំ ១៩៨៧​ រហូតមកដល់ឆ្នាំ២០០៩​ កុមារកំព្រាជាង៣៨០០នាក់​ ដែលជនបរទេស​ បានសុំយក​ទៅចិញ្ចឹម​ ​ហើយពួកគេទំាងនោះ មានវាសនាល្អ ​បានរៀនសូត្រ ​ចេះភាសាគេ ​ហើយឪពុកម្តាយ​ក្មេង​​ទំាងនោះ ខ្លះបាននំាពួកគេមកលេង​ស្រុកខ្មែរនោះថែមទៀត ។

បើតាមលោក​រដ្ឋលេខាធិការក្រសួងសង្គមកិច្ច​ នឹម ថូត ​បានបញ្ជាក់ទៀតថា ​ការស្មុំកូននេះ​ អ​នុញ្ញាតបានលក្ខខ័ណ្ឌទី១ ​ទាល់តែអ្នកសុំនោះ​មានលិខិតអាពាហ៍ពិពាហ៍ត្រឹមត្រូវ ហើយមានអាយុ​លើសកូន២២​ ឆ្នាំ ហើយអ្នកនៅលីវមិនឲ្យនោះទេ ​។ លក្ខខ័ណ្ឌទី២ ​មើលលើសេដ្ឋកិច្ចគ្រួសារថា​ តើចំណូលរបស់គេមួយឆ្នាំប៉ុន្មាន​ និងទី៣ ​មើលចិត្តសាស្រ្ត​តើអ្នកនឹងស្រឡាញ់ក្មេងឬអត់ ។ ទី៤ សួរអ្នកជិតខាងថា ​អ្នកនេះមានចរិតកាចឃោរឃៅ ឬក៏អត់ ហើយមួយទៀតមើល​នៅកន្លែងការងារ ថាតើអ្នកស្មុំកូននោះ​មានការងារត្រឹម​ត្រូវអត់ អាចចិញ្ចឹមក្មេងបានឬមិនបាន​ ហើយក៏មើលលិខិត​ថ្កោលទោស ​ហើយការស្មុំកូននេះ ​ក៏ត្រូវតែមានការយល់ព្រមពីអាជ្ញាធរស្មុំកូនអន្តរប្រទេស​ផងដែរ ។

បើតាម ​លោក នឹម ថូត​ ប្រទេសដែលស្មុំកូន​ពីកម្ពុជាច្រើនជាងគេ​ គឺអ៊ីតាលី​ អាមេរិក ​បារាំង ​និង​ប្រទេសអង់គ្លេស ៕

 

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ