គំនរសំរាមនៅក្បែរសាកលវិទ្យាល័យបៀលប្រាយ |
ស្ទើរតែគ្រប់ទីកន្លែង កន្លុកកន្លៀត នៅរាជធានីភ្នំពេញតែម្តង ដែលទុកសំរាមច្រើនថ្ងៃ មិនឃើញក្រុមហ៊ុនស៊ិនទ្រី មកប្រមូលសោះ ដោយកន្លែងខ្លះ គរទុកចោលយូរថ្ងៃរហូត មានចេញដង្កូវវារពេញផ្លូវ ហើយកើតជារុយដូចឃ្មុំ ។ មិនត្រឹមតែមិនមកប្រមូលសំរាមទេ ក្រុមហ៊ុនមួយនេះ បានដំឡើងថ្លៃមន្ថែមទៀត ។ ប្រការនេះ ជាហេតុធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ ពិសេសគឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពផ្លូវដង្ហើម ចំពោះកុមារតូចៗ ។
ប្រជាពលរដ្ឋ បាននិយាយដោយខឹងសម្បារថា ក្រុមហ៊ុនស៊ិនទ្រី មិនមកប្រមូលយកសំរាម ដោយទុកគរចោលនៅមុខផ្ទះ លើសួន និងនៅតាមដងផ្លូវនានា ទាល់តែចេញទឹក ជះក្លិនស្អុយអសោច ហើយកើតជារុយយ៉ាងច្រើន ហើយមានទីតាំងខ្លះ ពេលហូយបាយ ត្រូវហូបដាក់មុងទាំងថ្ងៃ ទើបបាន បើមិនដូច្នេះទេ មិនអាចហូបបាយកើតឡើយ ។
ប្រជាពលរដ្ឋ បាននិយាយទៀតថា បញ្ហានេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អនាម័យបរិស្ថានរបស់ទីក្រុង។ ជាងនេះទៅទៀត ក្លិនដ៏ស្អុយទាំងនេះ វាប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងកុមារតូចៗ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សោភ័ណភាពទីក្រុងស្អាតរបស់យើង ដែលជាបេះដូងរបស់ប្រទេសកម្ពុជា និងប្រាសចាកពីពាក្យស្លោកមួយឃ្លា ដែលពោលថា " ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ " ។
ប្រភពខាងលើ បានបន្តថា ក្រុមហ៊ុនស៊ិនទ្រីនេះ ទុកសំរាមរហូតដល់ ៤-៥ថ្ងៃឡើងទៅ ប៉ុន្តែបើលុយវិញ ក្រុមហ៊ុនបានសុំដំឡើងថ្លៃរាល់ខែ ដោយយកថ្លៃ ជាមួយសេវាភ្លើងអគ្គិសនីកម្ពុជា មិនបាត់មួយសេនណាឡើយ ។
ប្រជាពលរដ្ឋ បានសំណូមពរឱ្យលោកនាយកក្រុមហ៊ុនស៊ិនទ្រី មេត្តាជួយពន្លឿនឱ្យរថយន្តដឹកសំរាម ទៅយកសំរាមកុំឱ្យខកខាន ដូច្នេះទៀត ព្រោះពួកគាត់ពិបាកក្នុងការរស់នៅយ៉ាងខ្លាំង និងសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធ ពិសេសលោកអភិបាលរាជធានីភ្នំពេញ មេត្តាគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋផង ព្រោះក្លិនស្អុយដែលចេញពីគំនរសំរាមទាំងនេះ កំពុងតែគំរាមកំហែងដល់សុខភាពពួកគាត់យ៉ាងខ្លាំង ហើយបញ្ហាសំរាមនេះ មិនគ្រាន់តែប៉ះពាល់ដល់ភ្ញៀវទេសចរ ឬបរិស្ថានប៉ុណ្ណោះទេ។ សំរាមក៏ជាឃាតកលាក់មុខ ក្នុងការសម្លាប់ប្រជាពលរដ្ឋយើង បើមិនមានការរៀបចំទុកដាក់ឲ្យបានល្អនោះ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកនាយកក្រុមហ៊ុនស៊ិនទ្រីបានទេ ៕
គំនរសំរាមនៅបេនឡានផ្សារថ្មី
សំរាមនៅខាងក្រោយមន្ទីរពេទ្យជប៉ុនមុខវត្តស្រះចក
ប្រភពៈ CEN
No comments:
Post a Comment