សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Saturday, November 30, 2013

បញ្ជូន​សំណុំរឿង​ប្រធាន​មន្ទីរ​ខេត្តកំពង់ធំ​ម្នាក់ ទៅ​តុលាការ ខណៈ​មន្ត្រី​ខេត្តបាត់ដំបង​.​សៀមរាប មួយចំនួន ប្រឈម​រឿង​ពុករលួយ

ភ្នំពេញ: ប្រធាន​មន្ទីរ​មួយរូប​នៅ​ខេត្តកំពង់ធំ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូន​សំណុំរឿង ទៅកាន់​តុលាការខេត្ត ទាក់ទង​ទៅនឹង​ការប្រព្រឹត្ត​អំពើពុករលួយ កឹ​ប​កេង​ថវិការដ្ឋ និង​ក្លែង​ឯកសារ ដើម្បី​ឲ្យ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​​ទន្ទឹមនឹងនេះ មន្ត្រី​មួយចំនួន នៅ​ខេត្តបាត់ដំបង និង​សៀមរាប ក៍​កំពុងតែ​ប្រឈមមុខ​ទៅនឹង​ច្បាប់​ផងដែរ ក្រោម​ការចោទប្រកាន់​ពីបទ ប្រព្រឹត្ត​អំពើពុករលួយ​។​​ប្រធាន​មន្ទីរ​មួយរូប​នៅ​ខេត្តកំពង់ធំ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ រួមទាំង​មន្ត្រីខេត្ត​បាត់ដំបង និង​សៀមរាប មិនត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹងថា ជា​ប្រធាន​មន្ទីរ​ណាមួយ​នៅឡើយ​ទេ និង​មានឈ្មោះ​អ្វី​នៅឡើយ​ដែរ​។​


​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​មានប្រសាសន៍ ប្រាប់​គេហទំព័រ CEN ឲ្យ​ដឹងថា  ចំពោះ​ករណី​នៅ​ខេត្តកំពង់ធំ​នេះ ជា​ករណី​ដំបូង​បំផុត ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ដោយ​អត់​មានការ​នាំខ្លួន​ទៅ​ទេ ដើម្បី​ទុក​ឲ្យ​គេ តទល់​ជាមួយ​យើង​នៅ​ខាង​តុលាការ​។

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្តថា ទាក់ទង​ការប្រព្រឹត្ត​អំពើពុករលួយ នៅ​ខេត្តកំពង់ធំ គឺ​ថ្នាក់​ប្រធាន​មន្ទីរ ហើយ​ចំពោះ​មន្ទីរ​ណាមួយ​នោះ ខាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ សូម​រក្សាទុក​សិន​។ ហើយ​ប្រធាន​មន្ទីរ ដែល​ជាប់ទាក់ទង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ គឺជា​បទ​កេង​យក​ផលប្រយោជន៍ ដោយ​ខុសច្បាប់ ហើយក៍​អាច​ចូល​ទៅដល់​បញ្ហា មានការ​ក្លែង​ឯកសារ​ទៀតផង​។​

​ ចំពោះ​ករណី​អំពើពុករលួយ នៅ​ខេត្តបាត់ដំបង​នោះ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​លើកឡើងថា អង្គភាព​ប្រឆាំង​អំពើពុករលួយ កំពុងតែ​ដំណើរការ​ច្រើន និង​នៅ​ដំណើរការ​ថែមទៀត​។ ដូច​ខាង​ខេត្តកំពង់ធំ អាច​ចប់​ហើយ ប៉ុន្តែ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ រាល់​ករណី យើង​តែងតែ​ចាប់​ម​មនុស្ស ហើយ​បញ្ជូន​មនុស្ស​ទៅ បញ្ជូន​សំណុំរឿង​។ ប៉ុន្តែ​ករណីនេះ អាស្រ័យ​ដោយ​មិនមែន​បទល្មើស​ជាក់ស្តែង បទល្មើស​កើតមក​ពីមុន ហើយ​យើង​រកឃើញ ដូច្នេះ​អត់​អាច​ចាប់​មនុស្ស​យកទៅ​ទេ បញ្ជូន​សំណុំរឿង​ទៅ​តុលាការ តុលាការ​កោះហៅ​សួរ​តាម​នឹង​ទៅ ស្រេច​តែ​តុលាការ​ធ្វើការ​វិនិច្ឆ័យ ហើយ​គាត់​ក៍​អាចមាន​សិទ្ធិ​ពេញលេញ តទល់​ជាមួយ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពេញដៃពេញជើង​។​

​ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានចេញ​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ បាន​ឲ្យ​ដឹងថា  ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ស្ដាប់​របាយការណ៍​ការងា​រ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៣ របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដូចជា​៖​ករណី​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ពី​សំណាក់​មន្ត្រីជាន់ខ្ពស់ ដែល​ត្រូវ​បានបញ្ចប់​ពីមុខ​តំណែង​។ មន្ត្រី​ខ្មោច និង​មន្ត្រី​មានតែ​ឈ្មោះ (​មិន​មក​ធ្វើការ​) ក៏​ជា​មូលបទ នៃ​ការ​កេង​យក​ផលប្រយោជន៍​ខុសច្បាប់ ដែល​ប្រធាន​ស្ថាប័ន ប្រធាន​អង្គភាព ត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​។ ករណី​ប្រធានការិយាល័យ​សង្គមកិច្ច​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ករណី​នៅ​ខេត្ត​ព្រះសីហនុ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង និង​ខេត្តមណ្ឌលគិរី ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កំពុងដំណើរការ​។ ករណី​របាយការណ៍រ​បស់​មូលនិធិ​ពិភពលោក (Global Fund) ដែល​បាន​លើក​ពី​បាតុភាព នៅ​ផ្នែក​ជំងឺគ្រុនចាញ់ ផ្នែក​ជំងឺអេដស៍ និង​អង្គការ​មេ​ឌី​កាំ (Medicam)​។

​ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានធ្វើការ​ចាប់ខ្លួន លោក​ភី រិ​ទ្ធ អនុប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ  និង​លោក​សួត សារី​ម បុគ្គលិក​ផ្នែក​អាជីវកម្ម និង​អ្នកស្រី នី សុពណ៌ មាន​តួនាទី​ជា​ជំនួយការ​បេឡា នៅ​អគ្គិសនី​ខេត្ត​មណ្ឌល​គី​រី បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ដើម្បី​ធ្វើការ​ចោទប្រកាន់ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ កឹ​ប​កេង​ថវិការដ្ឋ ប្រមាណ​ជា ១០​ម៉ឺន ដុល្លារ​អាមេរិក និង​ការ​យកលុយ​លើសពី​ការកំណត់​របស់​រដ្ឋ​។​

​អង្គភាព​ប្រឆាំង​ អំពើពុករលួយ នាពេល​កន្លងមក បានធ្វើការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់​ទៅលើ​មន្ត្រី នៅក្នុង​ក្រសួង ស្ថាប័ន​មួយចំនួន នៅក្នុង​រដ្ឋាភិបាល ទាក់ទង​ទៅនឹង​ការប្រព្រឹត្ត​អំពើពុករលួយ ដូចជា លោក​ម៉ឹក ដា​រ៉ា អតីត​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​អតីត​នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ស្នងការ​ខេត្តបន្ទាយមានជ័យ និង​បក្ខពួក លោក​តុ​ប ច័ន្ទ​សេរី​វុ​ឌ្ឍ អតីត​ព្រះរាជអាជ្ញា​ខេត្តពោធិសាត់ លោក​ហួត ហ៊ាង អតីត​ចៅក្រម​ខេត្តកណ្តាល និង​ក្រឡាបញ្ជី និង​មន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក​ម៉ាង យូ​ស្រេង ប្រធានការិយាល័យ​សង្គម​កិច្ច ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម លោក​បោង ពុទ្ធា​រិ​ទ្ធ ប្រធាន​មន្ទីរ​ប្រភព​កំលាំង នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តពោធិសាត់ លោក​នួន សា​រ៉ា​ត មន្ត្រី​នាយកដ្ឋាន​រដ្ឋប្បវេណី​ក្រសួងយុត្តិធម៌ និង​លោក​កែវ សុផល ជា​មន្ត្រីនគរបាល​នាយកដ្ឋាន​ការពារ​បេតិកភណ្ឌ​ក្រសួងមហាផ្ទៃ​... ជាដើម​។

​ គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានធ្វើការ​ប្តេជ្ញា​បន្ត​ចាត់​វិធានការណ៍​ម៉ឹងម៉ាត់​និង​គ្មាន​ការលើកលែង​ ចំពោះ​ជនល្មើស​នៃ​អំពើពុករលួយ​។ ដើម្បី​មាន​ប្រសិទ្ធភាព​នៃ​កិច្ចការ​នេះ រាជរដ្ឋាភិបាល នឹង​បន្ត​ពង្រឹងសមត្ថភាព របស់​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ពិសេស​ការងារ​ដែល​ពាក់​ព័ន្ធ នឹង​ការស៊ើបអង្កេត​និង​ការអនុវត្ត​ច្បាប់​៕

ប្រភពៈ CEN

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ