សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Saturday, November 30, 2013

បាតុកម្ម​នៅ​ថៃ នាំ​ឲ្យ​ខ្មែរ​មួយចំនួន លុបចោល​ដំណើរ​ទៅ​បាងកក

ភ្នំពេញ: តំណាង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​នៅ​កម្ពុជា និង​ក្រុមហ៊ុន​ទេសចរណ៍​មួយចំនួន បាន​និយាយថា ប្រជាជន​កម្ពុជា​មួយចំនួន​បាន​លុបចោល  ការធ្វើដំណើរ​ទៅ​បាងកក ដោយសារតែ ស្ថានភាព​នយោបាយ​ដ៏​សែន​តានតឹង​។​


​លោក អាង គឹម​អៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍ មិនបាន​បូកសរុប​ឲ្យ​បានជា​ក់លាក់​ពី​ចំនួន​ធ្លាក់ចុះ ដែល​ពលរដ្ឋ​កម្ពុជា លុបចោល​ដំណើរ​ទៅកាន់​ប្រទេស​ថៃ នៅពេល​ទីក្រុង​បាងកក មាន​បាតុកម្ម​ចលាចល​នោះទេ​។

ប៉ុន្តែ​លោក អាង គឹម​អៀង បាន​បញ្ជាក់ថា "​ជាស​ភាវ​ទូទៅ គឺថា​ទាំង​ទេសចរ និង​ទាំង​អ្នកជំនួញ នៅ​តំបន់​នោះ មាន​ភាពមិនប្រក្រតី ឬ​មាន​បាតុកម្ម កូដកម្ម ហើយ​ម្យ៉ាងទៀត បាតុកម្ម​នៅ​ថៃ វា​ធ្ងន់ធ្ងរ ហើយ​ស៊ីជម្រៅ ដែល​មិនអាច​ស្មាន​ដល់ ពិបាក​ស្មាន ដូចជា​ករណី​បិទ​ព្រលានយន្តហោះ វា​កម្រ​មាននៅ​ថៃ​។ អីចឹង កុំថាឡើយ ប្រជាពលរដ្ឋ​ខ្មែរ​យើង សូម្បីតែ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក គេ​មាន​ចេញ​បម្រាម​ដល់​ប្រជាជន​គេ ឲ្យ​ប្រុងប្រយ័ត្ន ចំពោះ​ព្រឹត្តិការណ៍​បាតុកម្ម នៅ​បាងកក​នោះ​"​។​

​លោក អាង គឹម​អៀង មិនមាន​តួលេខ​ពី​ការធ្លាក់ចុះ​ពលរដ្ឋ​ខ្មែរ ធ្វើដំណើរ​ទៅ​ថៃ នៅពេលនេះ​ទេ​។ តែ​លោ​កថា អាចមាន​ការធ្លាក់ចុះ ទាំង​អ្នក​ទៅធ្វើ​ជំនួញ​ក្តី និង​ទាំង​អ្នក​ទៅ​កំសាន្ត​ក្តី គឺ​ទាល់តែ​កន្លែង​នោះ មាន​សុវត្ថិភាព ទើប​គេ​ទៅ​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ក៏បាន​បន្ថែមថា ពលរដ្ឋ​កម្ពុជា​យើង មួយឆ្នាំៗ ទៅ​ថៃ​ច្រើនណាស់​។ តែ​លោក មិនមាន​តួលេខ​បញ្ជាក់​ច្បាស់លាស់​ទេ​។ គឺ​ទាំង​ពលករ ទាំង​អ្នក​ទៅ​កំសាន្ត និង​ទាំង​អ្នក​ទៅធ្វើ​អាជីវកម្ម ព្រមទាំង​អ្នក​ទៅ​ពេទ្យ នៅ​ថៃ​ច្រើនណាស់​។ ក្នុងចំណោម​ប្រទេសជិតខាង​កម្ពុជា​នេះ គឺ​ប្រទេស​ថៃ ជា​គោលដៅ​ខ្ពស់​សម្រាប់​ខ្មែរ​យើង​។​

​ចំណែក​ក្រុមហ៊ុន​ទេស​រណ៍​ មួយចំនួន​ដែល​បាន​សួរ​អំពី​ការលក់​សំបុត្រ​យន្តហោះ​ទៅកាន់​ទីក្រុង​បាងកក​ នោះបាន​និយាយថា ការលក់​សំបុត្រ​ទៅ​បាងកក​ពិតជា​មានការ​ធ្លាក់ចុះ​។​

​ ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក អាង គឹម​អៀង ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​តិចតួច ចំពោះ​សភាពការណ៍​បាតុកម្ម នៅ​បាងកក ចំពោះ​ការប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​កម្ពុជា នៅពេលនេះ​។ មូលហេតុ មកពី​ទី​១-​ដោយសារតែ​ប្រទេស​ថៃ មិនមែនជា​ច្រក​តែមួយ សម្រាប់​ទេសចរ​បរទេស ឆ្លងកាត់​ចូលមក​កម្ពុជា​យើង​ទេ និង​ទី​២-​ព្រលានយន្តហោះ​ថៃ ក៏​នៅ​ដំណើរ ផ្លូវគោក​មក​កម្ពុជា ក៏​នៅ​ដំណើរការ ពោលគឺ​ច្រក​ផ្លូវ ដែល​ត​ពី​ថៃ មក​កម្ពុជា​យើង មិនត្រូវ​បាន​រំខាន​នៅឡើយ​ទេ​។​

​លោក អាង គឹម​អៀង បាន​បញ្ជាក់ថា "​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​កម្ពុជា ដោយ​ប្រើប្រាស់​ប្រទេស​ថៃ ជា​កន្លែង​ឆ្លងកាត់​នោះ អាច​បន្តដំណើរ​មក​ក​ម្ពុ​ជា បានជា​ធម្មតា តាម​យន្តហោះ​ក្តី និង​តាម​ផ្លូវគោក​ក្តី​។ ដូច្នេះ ពេលនេះ ខ្ញុំ​មានការ​បារម្ភ​តិចតួច ចំពោះ​បាតុកម្ម​នៅ​បាងកក លើ​ឥទ្ធិពល ដែល​ជះ​មកលើ​ទេសចរណ៍​កម្ពុជា​យើង​"​។​

​ ដោយឡែក​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា ក្រសួងទេសចរណ៍ និង​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍ បាន​ជួបប្រជុំគ្នា កាលពី​ថ្ងៃទី​២៨​វិច្ឆិកា ហើយ​បាន​វាយតម្លៃថា មកដល់ពេលនេះ បាតុកម្ម​នៅ​ថៃ មិនទាន់​មានអី​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​យើង​នៅឡើយ​ទេ ពិសេស​គឺ​ភ្ញៀវទេសចរ ប្រទេស​ទី​បី ( អ្នក​ចូល​តាម​ថៃ មក​កម្ពុជា )​។ ប៉ុន្តែ​មានការ​ថយចុះ​នូវ​ចំនួន​ភ្ញៀវទេសចរ ជនជាតិ​ថៃ​ខ្លះ ចូលមក​កម្ពុជា​។​

​លោក ថោង ខុន បាន​បញ្ជាក់ថា "​ទេសចរ​ប្រទេស​ទី​បី ដែល​ចូលមក​កម្ពុជា តាម​ប្រទេស​ថៃ គឺ​មិនមាន​ការ​ថយ​ទេ​។ តែ​នៅឯ​ថៃ គឺ​អ្នកទេសចរ​បរទេស ចូលទៅ​ថៃ ថយ​ជិត ៣០ ម៉ឺន​នាក់ ក្នុង​រយៈពេល​បាតុកម្ម​ប៉ុន្មាន​ថ្ងៃនេះ នៅ​បាងកក​។ ប៉ុន្តែ​ចំពោះ​ប្រទេស​យើង អត់​ទាន់​មាន​ផលប៉ះពាល់​ទេ ពីព្រោះ​ប្រទេស​ទី​៣ កាលណា គេ​មក​យើង ជួនកាល​គេ​មក​តាម​ព្រលានយន្តហោះ សុវណ្ណ​ភូមិ របស់​ថៃ នៅ​បាងកក គឺ​គេ​ហោះ​មក​យើង​តែម្តង​។ ជួនកាល គេ​ក៏​មក​តាម​ផ្លូវគោក ភាគខាងត្បូង​ថៃ មក​យើង តាម​ច្រក​ប៉ោយប៉ែត និង​តាម​ច្រក​កោះកុង​។ អីចឹង យើង​ឃើញថា ភ្ញៀវទេសចរ​បរទេស ដែល​ចូលមក​កម្ពុជា​យើង តាម​ច្រក​ថៃ មាន​សមាមាត្រ​ប្រហែលជា ៣៧%​។ តែ​ឥឡូវ មិនមាន​ផលប៉ះពាល់​ធំ​ទេ​។ គឺ​មានតែ​ទេសចរ​ថៃ​ទេ ដែល​ថយចុះ ក្នុង​ការចូល​មកលេង​នៅ​កម្ពុជា​យើង​"៕
ទីក្រុង​បាងកក ​ប្រទេស​ថៃ នៅពេលនេះ​កំពុងមាន​បាតុកម្ម​ចលាចល​


No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ