បាត់ដំបង៖ ស្ត្រីអាយុ១៩ឆ្នាំម្នាក់
បានប្ដឹងចោទប្រកាន់បុរសម្នាក់ថាបានចាប់រំលោភរូបនាងបានសម្រេច
នៅផ្ទះសំណាក់ ។ប៉ូលិសក្រុងបាត់ដំបង
បានឃាត់ខ្លួនបុរស សង្ស័យកសាងសំណុំរឿង បញ្ជូនទៅតុលាការបាត់ដំបង
នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣
ក្រោយពេលឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៣
នៅចំណុចផ្ទះជនសង្ស័យ នៅភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច
ក្រុងបាត់ដំបង។
ប៉ូលិសក្រុងបាត់ដំបង បានឲ្យដឹងថា បុរសនោះឈ្មោះ ម៉ក់ រតនា
អាយុ២៤ឆ្នាំ ។ ម៉ក់
រតនាបានប្រព្រឹត្តិអំពើដូចបានចោទកាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា
ឆ្នាំ២០១៣ នៅផ្ទះសំណាក់យីហោ ស៊ីដនី ស្ថិតក្នុងក្រុមទី៨ ភូមិរំចេក៣
សង្កាត់រតន់ក្រុង-ខេត្តបាត់ដំបង។
នារីរងគ្រោះ បានបញ្ជាក់ប្រាប់ប៉ូលិសថា បុរសសង្ស័យធ្លាប់ស្គាល់គ្នាជាមួយនាង កាលពីនៅតូចៗ។ នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា រូបនាង បានទៅលេងនៅផ្សាទំនើបថ្មីស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយបានជួបគ្នានិងជនសង្ស័យនិយាយគ្នារហូតដល់ម៉ោង៩យប់ ថ្ងៃទី២៥ ខែវិច្ឆិកានោះ។ បន្ទាប់មកបុរសសង្ស័យបានបបួលនាងឲ្យឡើងជិះម៉ូតូជាមួយថា ឌុបជូនទៅផ្ទះរបស់នាង។ ប៉ុន្តែពេលធ្វើដំណើរមកមិនទាន់ដល់ផ្ទះនាង
ទេ បុរសសង្ស័យបានបត់ម៉ូតូចូលទៅផ្ទះសំណាក់យីហោ ស៊ីដនី ជួលបន្ទប់ស្នាក់ ហើយចាប់រំលោភនាងរហូតបានសម្រេចតែម្តង ទោះបីជានាងខំរើបម្រាស់និងយំអង្វរយ៉ាងណាបុរសសង្ស័យមិនស្តាប់ដែរ ។
បុរសឈ្មោះ ម៉ក់ រតនា បានសារភាពតែជននោះបានបញ្ជាក់ថា “ការរួមរ័ក្សនោះគឺដោយមានការព្រមព្រៀង ដោយមិនមានការចាប់បង្ខំទេ។ បើសិនជានាងមិនព្រមព្រៀងនោះ មិនអាចនាំចូលទៅបន្ទប់ផ្ទះសំណាក់បានស្រួលៗ ឬនាងអាចស្រែកផ្អើលគេផ្អើលឯងជាមិនខាន”។
លោក ធុច រ៉ា អធិការប៉ូលិសក្រុងបាត់ដំបង បានប្រាប់ឲ្យដឹងថា បុរសសង្ស័យបានសារភាព គឺស៊ីសង្វាក់ក្នុងអង្គហេតុដើមបណ្តឹងរបស់នារីរងគ្រោះ ទើបលោក ឡុង ហុកម៉េង ព្រះរាជអាជា្ញរងសាលាដំបូងខេត្តបាត់ដំបង បញ្ជាឲ្យកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment