សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Friday, November 29, 2013

គ្រួសារ​ពល​ការិនី​នៅ​កំពង់ចាម​ម្នាក់​បាត់​កូនស្រី​ជិត​៤​ឆ្នាំ​នៅ​ម៉ា​ឡេ​ស៊ី​

ភ្នំពេញ​ ៖​ បញ្ហា​ស្វែងរក​ការងារ​ជា​អ្នកបម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ កំពុង​ចោទ​បញ្ហា​ចំពោះ​គ្រួសារ​ដែល​បាន​បញ្ជូន​កូនចៅ​ចេញ​ទៅ​ស៊ីឈ្នួល​ ក្រៅប្រទេស​ ព្រោះ​នៅ​ពេល​ក្រុមហ៊ុន​បិទទ្វារ​គ្មាន​ទំនាក់ទំនង​ អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ និង​កូនស្រី​មិន​អាច​ជួប​គ្នា​បាន​។​ បញ្ហា​នេះ​ កំពុង​ចោទ​លើ​គ្រួសារ​មួយ​ រស់នៅ​ជនបទ​ ក្នុង​ខេត្តកំពង់ចាម​ ដែល​បាត់​ដំណឹង​កូនស្រី​ជិត​ ៤​ឆ្នាំ​ ហើយ​ស្វែងរក​កូន​តាម​រយៈ​អង្គការ​ខា​រាម​កម្ពុជា​ (Caram​ Cambodia)​។​
គ្រួសារ​មួយ​រស់នៅ​ក្នុងភូមិ​ត្រពាំង​ រាំង​ ឃុំ​មេមត់​ ស្រុក​មេមត់​ ខេត្តកំពង់ចាម​ ដាក់​ពាក្យ​ប្ដឹង​នៅ​អង្គការ​ខា​រាម​កម្ពុជា​ ឲ្យ​ជួយ​ស្វែងរក​កូនស្រី​ឈ្មោះ​ រឿ​ន​ ដា​នី​ ដែល​ទៅ​ធ្វើការ​ជា​ជំនួយការ​មេផ្ទះ​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ហើយ​បាត់​ដំណឹង​កូន​ជិត​ ៤​ឆ្នាំ​ ក្រោយ​ពី​រដ្ឋាភិបាល​ផ្អាក​ក្រុមហ៊ុន​មិន​ឲ្យ​នាំ​ពលករ​ចេញ​ថែម​ទៀត​ កាលពីរ​ឆ្នាំ​មុន​។​

លោក​ អិត​ សា​រឿ​ន​ អាយុ​ ៤១​ឆ្នាំ​ មានកូន​ ៩​នាក់​ បាន​ឲ្យ​ដឹង​ថា​ កូនស្រី​ច្បង​អាយុ​ ១៨​ឆ្នាំ​ ឈ្មោះ​ រឿ​ន​ ដា​នី​ ទៅ​ធ្វើការ​ជា​ជំនួយការ​មេផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ជាមួយ​កូនស្រី​អ្នក​ភូមិ​ត្រពាំង​រាំង​ ២​នាក់​ទៀត​ តាម​ក្រុមហ៊ុន​ អិ​ម​.​វ៉ា​យ​.​អែ​ស​ (MYS)​ តាំងពី​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១០​។​

លោក​ថា​ កូនស្រី​ រឿ​ន​ ដា​នី​ ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​ ៦​ខែ​ ក្រុមហ៊ុន​បាន​ឲ្យ​ម្តាយ​ជួប​កូនស្រី​តាម​ទូរស័ព្ទ​បាន​ម្តង​។​ ក្រោយ​ពី​រដ្ឋាភិបាល​ផ្អាក​ក្រុមហ៊ុន​នានា​មិន​ឲ្យ​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ ក្រៅប្រទេស​មក​ ដំណឹង​អំពី​កូនស្រី​គាត់​ក៏​បាត់​ឈឹង​ជិត​ ៤​ឆ្នាំ​ ។ លោកថា «​ខាង​ ខ្ញុំ​ចេះ​តែ​ភ័យ​ព្រួយបារម្ភ​ ខ្លាច​ដូច​ថា​អាណត្តិ​វា​ទៅ​នោះ​ តែ​ ២​ឆ្នាំ​វិល​វិញ​ ហើយ​ដល់​ច្រើន​ឆ្នាំ​ពេក​ អត់​ឃើញ​វា​វិល​វិញ​ខ្លាច​អ៊ីចេះ​មួយ​អ៊ីចុះ​ពីរ​ ខ្លាច​គេ​បោក​ ឬ​ក៏​វា​ស្លាប់​អី​ទៅ​ យើង​អត់​ដឹង​ដំណឹង​»​។​

លោកស្រី​ មុំ​ ធឿ​ន​ អាយុ​ ៣៨​ឆ្នាំ​ ជា​ម្តាយ​ រឿ​ន​ ដា​នី​ ថ្លែង​ថា​ ពេល​កូន​គាត់​ចេញពី​ភូមិ​ទៅ​នោះ​ ក្រុមហ៊ុន​ អិ​ម​.​វ៉ា​យ​.​អែ​ស​ បាន​សន្យា​ថា​ ២​ឆ្នាំ​ កូន​គាត់​ចប់​កិច្ចសន្យា​ នឹង​មក​ផ្ទះ​វិញ​ហើយ​។​ ឥឡូវ​ជិត​ ៤​ឆ្នាំ​ហើយ​ មិនឃើញ​កូន​គាត់​ត្រឡប់​មក​វិញ​ទេ​ ទើប​គាត់​បារម្ភ​ខ្លាំង​មិនដឹង​កូន​ស្លាប់​ ឬ​រស់​។​ លោកស្រី​បន្ថែម​ថា​ ក្មេង​ស្រី​ ២​នាក់​ ដែល​ចេញ​ទៅ​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ជាមួយ​កូនស្រី​គាត់​ ពួក​គេ​បាន​មក​ដល់​ផ្ទះ​វិញ​ហើយ​ បាត់​តែ​កូនស្រី​ រឿង​ ដា​នី​ មិនឃើញ​មក​វិញ​។​ លោកស្រី​ថា​ ទោះបី​កូនស្រី​ស្លាប់​ ឬ​រស់​ សូម​ឲ្យ​គាត់​ជា​ឪពុក​ម្តាយ​ បាន​ទទួល​ដំណឹង​ផង​ ។​ គាត់​ថ្លែង​ថា​ «​ក្រុមហ៊ុន​បិទ​ ខ្ញុំ​មិនដឹង​ទៅ​រក​ឯណា​ បើ​ខ្ញុំ​ទៅ​រក​អត់​ឃើញ​ផង​»​។​

លោក​ អ៊ុ​ក​ ច​ន្ធី​ ដែល​បាន​យក​ឯកសារ​ក្មេង​ស្រី​ រឿ​ន​ ដា​នី​ បាត់​ខ្លួន​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ មក​ប្ដឹង​នៅ​អង្គការ​ខា​រាម​កម្ពុជា​ បំណង​ឲ្យ​ជួយ​រក​ក្មេង​ស្រី​រូប​នោះ​ បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ អិ​ម​.​វ៉ា​យ​.​អែ​ស​ បាន​បិទទ្វារ​ហើយ​ ៕

ប្រភពៈ នគរវត្ត

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ