សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Wednesday, December 4, 2013

ផល​ពោត​នៅ​ចុង​ឆ្នាំ​នេះ​អត់​មាន​ហាង​ឆេង​ ប្រជា​ពល​រដ្ឋ​ម្នាក់​ៗ​យំ​អត់​ចេញ​ទឹក​ភ្នែក​

ខេត្ត​ប៉ៃលិន​ ៖ បន្ទាប់​ពី​ទឹក​ជំនន់​បាន​វាយ​ប្រហារ​ដំណាំ​ពោត​របស់​ប្រជា​កសិ​ករ​ បណ្តាល​ឱ្យ​ខូច​ខាត​អស់​រាប់​សិប​ហិកតា​ និង​នៅ​សល់​មួយ​ចំនួន​អាច​ឱ្យ​កសិ​ករ​ប្រមូល​ផល​លក់​បាន​ខ្លះ​ តែ​គួរ​ឱ្យ​សោក​ស្តាយ​តម្លៃ​ពោត​នៅ​ចុង​ឆ្នាំ​២០១៣​ នេះ​មាន​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ ដោយ​ក្នុង​១​គី​ឡូ​ក្រាម​ឈ្មួ​ញ​ទិញ​ទាំង​ស្នូល​ត្រឹម​តែ​៣,៧​បាត​លុយ​ថៃ​ ប៉ុណ្ណោះ​ ខុស​ពី​ឆ្នាំ​មុន​ក្នុង​១​គី​ឡូ​ក្រាម​ឈ្មួញ​ទិញ​ទាំង​ស្នូល​តម្លៃ​ពី​៥​ទៅ​ ៦​បាត​ ។

ប្រភព​ព័ត៌​មាន​ពី​ប្រជា​កសិ​ករ​ជា​ច្រើន​នាក់​នៅ​ ក្រុង​ប៉ៃ​លិន​ បាន​ឱ្យ​ដឹង​ថា​ នៅ​ចុង​ឆ្នាំ​នេះ​តម្លៃ​ពោត​របស់​ពួក​គាត់​បានធ្លាក់​ចុះ​ខ្លាំង​ គួរ​ឱ្យ​ព្រួយ​បារម្ភ​ ។ ពួក​គាត់​ម្នាក់​ៗ​សុទ្ធ​តែ​ទៅ​ចង​ការ​ប្រាក់​គេ​ដើម្បី​យក​ទៅ​ទិញ​គ្រាប់​ ពូជ​ និង​ទិញ​ថ្នាំ​បាញ់​ស្មៅ​ព្រម​ទាំង​ជួល​កម្ម​ករ​ជម្រះ​ស្មៅ​អស់​ជា​ច្រើន​ ដោយ​សង្ឃឹម​ថា​ ពេល​ប្រមូល​ផល​អាច​លក់​បាន​សល់​លុយ​សង​បំណុល​គេ​ខ្លះ​ និង​ទុក​ខ្លះ​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​ ។ ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​បាន​គិត​គឺ​ផ្ទុយ​ស្រឡះ​ ព្រោះ​តម្លៃ​ពោត​បាន​ធ្លាក់​ចុះ​រហូត​នៅ​សល់​ត្រឹម​តែ​៣,៧​បាត​ប៉ុណ្ណោះ​ ក្នុង​១​គី​ឡូ​ក្រាម​ ។
 
នៅ​តាម​ស្តង់​​ពោត​មួយ​ចំនួន​ឈ្មួញ​អត់​ទិញ​ទេ​ គឺ​ទាល់​តែ​ពោត​មាន​ពណ៌​សម្បុរ​ល្អ​ ធំ​ថ្លោស​ៗ​ទើប​គេ​ទិញ​ ។ ពួក​គាត់​អត់​ដឹង​ពី​មូល​ហេតុ​ដែល​នាំ​ឱ្យ​តម្លៃ​ពោត​ធ្លាក់​ចុះ​ទេ​ ព្រោះ​ជា​រៀង​រាល់​ថ្ងៃ​អត់​ឃើញ​មាន​ឈ្មួញ​ថៃ​ចូល​ទិញ​ដល់​ចម្ការ​ដូច​សព្វ​ ដង​ឡើយ​ គឺ​ឃើញ​តែ​ឈ្មួញ​ខ្មែរ​ដើរ​ទិញ​ប៉ុណ្ណោះ​ ។ លុះ​ពេល​គាត់​សួរ​នាំ​រក​ហេតុ​ផល​ដែល​ធ្វើ​ឱ្យ​តម្លៃ​ពោត​ចុះ​ថោក​ ឈ្មួញ​ទាំង​នោះ​ប្រាប់​ថា​ ដោយ​សារ​តែ​ពន្ធ​នាំ​ចេញ​ទាំង​ខាង​ខ្មែរ​ និង​ខាង​ថៃ​យក​ថ្លៃ​ពេក​ ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​បញ្ចុះ​តម្លៃ​ពោត​បែប​នេះ​ ។

លោក​ ហ៊ាង​ លេវ អាយុ​៣៦​ឆ្នាំ​ ជា​ម្ចាស់​ស្តង់​ពោត​នៅ​ភូមិ​វាល​ ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ​ បាន​រៀប​រាប់​ថា​ នៅ​ចុង​ឆ្នាំ​២០១៣​នេះ​ គាត់​ទិញ​ពោត​ទាំង​ស្នូល​១​គី​ឡូ​ក្រាម​ថ្លៃ​៣,៧​បាត​ ហើយ​បើ​កិន​ជា​គ្រាប់​ហើយ​គាត់​ក៏​អត់​ទិញ​ដែរ​ ។ កាល​ពី​ឆ្នាំ​មុន​ គាត់​ដើរ​ទិញ​ពោត​ក្នុង​១​គី​ឡូ​ក្រាម​ថ្លៃ​៥​ទៅ​៦​បាត​ ។ មូល​ហេតុ​ដែល​ពោត​ចុះ​ថោក​ លោក​ ហា៊ង​ លេវ ឱ្យ​ដឹង​ថា​ ដោយ​សារ​តែ​ច្រក​ព្រំ​ដែន​​ផ្នែក​ខាង​ខ្មែរ​ និង​ខាង​ថៃ​តម្រូវ​ឱ្យ​បង់​ពន្ធ​ថ្លៃ​ពេក​ ដោយ​គាត់​នាំ​ចេញ​ទៅ​លក់​ម្តង​ៗ​ពោត​ចំនួន​៥០​តោន​ គាត់​បង់​ពន្ធ​អស់​ចំនួន​៤​ម៉ឺន​បាត​ ។
 
 

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ