សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Friday, January 3, 2014

ប៉ះទង្គិច​ជាថ្មី នៅ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា សមត្ថកិច្ច​ចម្រុះ បាញ់​កាំភ្លើង ស្លាប់ និង​របួស​ច្រើន​នាក់

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​៣​មករា​នេះ មាន​ការប៉ះ ទង្គិច​ជាថ្មីទៀត  រវាង​កងកម្លាំង​សមត្ថកិច្ច និង​ក្រុម​កម្មករ នៅ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា តាមផ្លូ​វវេងស្រេង​ ក្នុងរាជធានីភ្នំពេញ។ សមត្ថកិច្ច ​​ចម្រុះ មាន​ប៉ូលិស ប៉េអឹម និង​ទាហាន បាន​បាញ់កាំភ្លើង​គ្រាប់​ពិត ដើម្បី​បំបែក​ការតវ៉ា​។ ក្នុង​ហេតុការណ៍​នោះ កម្លាំង​សមត្ថកិច្ច និង​កម្មករ​​របួស​​រៀង​ខ្លួន​។ របាយការណ៍​បឋម​​បង្ហាញ​ថា មាន​កម្មករ​យ៉ាង​ហោច​ណាស់ ២ នាក់ ស្លាប់ និងជាង ១០ នាក់ របួស ដោយ​គ្រាប់កាំភ្លើង​។​


​សកម្មជន​សិទ្ធិមនុស្ស លោក ចាន់ សា​វ៉េ​ត ដែល​កំពុងតែ​តាមដាន​ហេតុការណ៍​ផ្ទុះ​ហិង្សា​ជា​ថ្មី នៅ​សួន​ឧស្សាហកម្ម កាត់ដេរ កាណាឌីយ៉ា នា​ព្រឹក​នេះ បានឲ្យដឹងថា យ៉ាងហោច​ណាស់ កម្មករ ២ នាក់ បាន​ស្លាប់​នៅ​នឹង​កន្លែង​ដោយ​គ្រាប់កាំភ្លើង ជាង ១០ នាក់​របួសធ្ងន់ និង​កម្មករ​ជាង ១០ នាក់ ត្រូវបាន​ចាប់ខ្លួន​។​

ប៉ុន្តែបើតាមលោក ជួន ណារិន ស្នងការរងប៉ូលិសរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុង​ហេតុការណ៍នោះ មានកម្មករ ៣ នាក់ បានស្លាប់ នៅនឹងកន្លែងកើតហេតុ ២នាក់របួស និង២នាក់ ត្រូវចាប់ខ្លួន។

​មក​ដល់​ម៉ោង​ជាង ១១ ព្រឹក​នេះ ក្រុម​សមត្ថកិច្ច​ចម្រុះ បាន​បំបែក និង​កាន់កាប់​កំណាត់​ផ្លូវវេង​ស្រេង នៅមុខ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា។ ក្រុមសមត្ថកិច្ច បន្ត​តាម​បង្ក្រាប​ក្រុម​កម្មករ ដល់ក្នុងបន្ទប់ផ្ទះជួល ដែល​ស្ថិត​នៅ​ជិត​សួន​ឧស្សាហកម្ម កាណាឌីយ៉ា។

​ជា​ការកត់សម្គាល់ ការប៉ះទង្គិចរ​វា​ងក​ង​កម្លាំងចម្រុះ ប៉ូលិស​ប៉េអឹម  និង​ក្រុម​កម្មករ នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាមផ្លូ​វវេងស្រេង បាន​កើតឡើង​យ៉ាង​ហិង្សា កាលពី​យប់ រំលង​អធ្រាត្រ ថ្ងៃទី​២ ឈានចូល​ថ្ងៃ​ទី​៣​មករា​នេះ បាន​បណ្តាលឲ្យ​រងរបួស​ទាំង​កម្លាំង​ចម្រុះ និង​កម្មករ ហើយ​កងកម្លាំង​ចម្រុះ បាន​ឃាត់ខ្លួន​កម្មករ ២ នាក់​។ នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍ ខេង ទី​តូ អ្នកនាំពាក្យ​ប៉េអឹម​។​

​លោក ខេង ទី​តូ បានឲ្យដឹងថា ក្នុង​ប្រតិបត្តិការ​រៀបចំ​សណ្តាប់ធ្នាប់​រៀបរយ​នោះ ខាង​កងកម្លាំង​សមត្ថកិច្ច រងរបួស ៩ នាក់ ដោយសារ​តែ​ក្រុម​កម្មករ គាប់​ដុំថ្ម និង​ប្រើ​ជំ​ពាម​កៅស៊ូ​។ ក្នុងនោះ កងកម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​កម្មករ ២ នាក់​។ ដោយឡែក​ចំនួន​កម្មករ​របួស មិន​ត្រូវបាន​គេ​រាយការណ៍​ទេ​។​

​នៅមុខ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា តាមផ្លូ​វវេងស្រេង ក្នុង​រាជធានី​ភ្នំពេញ ក្រុមកម្មករ​បាន​តវ៉ា​បិទផ្លូវ​ចាប់​តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២​មករា រហូត​ដល់​ព្រលប់​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៤ ក៏​ផ្ទុះ​ឡើង​នូវ​អំពើហិង្សា បង្កឡើង​ដោយ​ក្រុមកម្មករ វាយកម្ទេច​ទ្រព្យសម្បត្តិ​រោងចក្រ ដុត​ម៉ូតូ និង​ឡាន​ផងដែរ​។​

​រហូតដល់​ម៉ោង ១​យប់ ទើប​កម្លាំង​ចម្រុះ បាន​បើក​ប្រតិបត្តិការ បង្ក្រាប​លើ​ក្រុមកម្មករ​។ ប្រតិបត្តិការ ប៉ះទង្គិច​នោះ បាន​កើតឡើង​រហូតដល់​ម៉ោង​ជិត ៤ ទៀប​ភ្លឺ ទើប​ឈប់​។​

​ ក្រុមកម្មករ ដែល​ជា​យុវជន បាន​ផ្ទុះ​កំហឹង ដុត​ម៉ូតូ​កង់ និង​វាយ​របង​រោងចក្រ ជាដើម នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា នៅ​ផ្លូវវេង​ស្រេង បន្ទាប់ពី​ក្រុម​កងកម្លាំង​សមត្ថកិច្ច​ប៉ូលិស និង​ទាហាន បាន​ចុះ​ទៅ​បង្ក្រាប​កូដកម្ម​បិទផ្លូវ កាលពី​ល្ងាច​ថ្ងៃទី​២​មករា​។​

​ រហូតដល់​ព្រឹក​ថ្ងៃ​សុក្រ ទី​៣​មករា​នេះ ក្រុមកម្មករ​រាប់រយ​នាក់ បាន​ប្រមូលផ្តុំ​តវ៉ា បិទផ្លូ​វ​វេង​ស្រេង  នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​៕ H






ប្រភពៈ CEN

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ