សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Monday, December 9, 2013

ខែក្រោយចូលរោងការ ត្រូវរថយន្តដឹកខ្សាច់ បុកស្លាប់ ទុកនារីជាគូរដណ្តឹង យំដូចអកព្រាត់គូ

ភ្នំពេញ៖ ឃាតកលើដងវិថីឥតក្តីមេត្តា បានឆក់យក ជីវិតបុរស​ម្នាក់ ដែលនឹងត្រូវចូល​រោងការនៅ​ខែក្រោយ ឲ្យឃ្លាត​ឆ្ងាយពីគូ​ជីវិតដ៏ស្រស់ស្អាត និងក្មេងខ្ចីជាទីស្រឡាញ់ របស់ខ្លួន។

ជាមួយនឹងគ្រោះអកុសលផ្តាច់ជីវិតបុរសអភ័ព្វរូបនេះ នារីជាគូរ ដណ្តឹង បានរៀបរាប់នូវ​ប្រយោគ​សោក​ស្តាយ និងស្រណោះ​អា​ឡោះអាល័យចំពោះគូរដណ្តឹង របស់ខ្លួនយ៉ាង សោកសង្រេង។

បុរសដែលត្រូវរៀបការនៅខែក្រោយ ថៃ ភក្តី អាយុជាង ២០ឆ្នាំ បានជួប​ឧប្បត្តិហេតុគ្រោះថ្នាក់​ចរាចរ ត្រូវរថយន្ត ដឹកខ្សាច់ របស់ដេប៉ូនីហេង លក់គ្រឿងសំណង់ និងលក់ខ្សាច់ បុក និងកិនស្លាប់ កាលពីវេលាម៉ោង ២និង៤០នាទី រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៣ ស្ថិតនៅខាង​ជើងសាលា​បឋមសិក្សា​ទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួល គោក។

ជាមួយនឹងគ្រោះថ្នាក់ចរាចរផ្តាច់ជីវិតគូរដណ្តឹងជាទីស្រឡាញ់របស់ខ្លួននេះ កញ្ញា ពឹង បញ្ហារី បានថ្លែងរៀបរាប់ នូវក្តីវិប្បយោគស្រណោះអាឡោះអាល័យបង្ហោះ តាមបណ្តាញសង្គម​ហ្វេសប៊ុក​ថា «មនុស្សស្រឡាញ់គ្នាសុខៗ ក៏យកគាត់ចេញពីខ្ញុំ ហេតុអី គេ ខុសអីសងគេឲ្យខ្ញុំវិញ មកនៅសល់​តែ១ខែ​ទៀត យើងបានរស់នៅ ១គ្នា១ជីវិត ហើយ ហេតុអីបងទៅចោលអូន? បងប្រាប់អូនហើយថា ស្រឡាញ់អូនហើយ មិនឲ្យអ្នកណាធ្វើបាបអូនទេ ហើយ ពេលនេះបងទៅ​បាត់ ចុះអូនត្រូវ រស់នៅបែបណា? មនុស្សអាក្រក់ច្រើនណាស់ ម៉េចមិនយកទៅ យកមនុស្ស ដែលខ្ញុំស្រឡាញ់ទៅធ្វើអី សងគេឲ្យ ខ្ញុំវិញមក..; បងមកវិញមកអូនមិនដឹងរស់ នៅដោយគ្មានបង​បានទេ មកវិញ មកបង...»។

សមត្ថកិច្ចមូលដ្ឋានបានឲ្យ ដឹងថា ជនរងគ្រោះ មានឈ្មោះ ថៃ ភក្តី អាយុជាង ២០ឆ្នាំ រស់នៅភូមិទំ​នប់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនរងគ្រោះ នឹងចូលរោងការនៅខែមករា ឆ្នាំ២០១៤នេះ ដោយបានចែកធៀបការ រួចហើយ។

ដោយឡែកអ្នកបើករថយន្ត មានឈ្មោះ នុត ណាត រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរបើក រថយន្តឲ្យ ដេប៉ូលក់គ្រឿងសំណង់ និងខ្សាច់ នីហេង។

សាក្សីបាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះបើកម៉ូតូតែម្នាក់ឯង ស្រាប់តែដល់ចំណុច​កើតហេតុត្រូវ រថយន្តម៉ាកនីសាន់ របស់ដេប៉ូ នីហេង បុកនិង កិនស្លាប់តែម្តង។

បើយោងតាមពាក្យពេចន៍ ដែលបានបង្ហោះនៅបណ្តាញហ្វេសប៊ុករបស់ខ្លួន បានបង្ហាញថា ពួកគេមានចំណង ស្នេហាដ៏ស្អិតល្មួត ហើយធ្លាប់បានឆ្លងកាត់ឧបសគ្គ ជាមួយគ្នា ជាច្រើន​ថែមទៀតផង ទម្រាំបានឈានដល់ការភា្ជប់ ពាក្យ និងគ្រោងរៀបអាពាហ៍ពិពាហ៍​នៅ​ខែមករា ឆ្នាំ២០១៤ ខាងមុខនេះ។

ប្រយោគបញ្ជាក់ពីស្នេហាស្ម័គ្រស្មោះ ផ្អែមល្ហែម និងឆ្លងកាត់នូវឧបសគ្គជាច្រើននេះ ត្រូវបានកញ្ញា ពឹង បញ្ហារី បង្ហោះលើគេហទំព័រហ្វេសប៊ុករបស់នាង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ថា «អតីតកាលដែល​ធ្លាប់​ឆ្លងកាត់ គឺជាពេលវេលា ដែលឈឺចាប់ ប៉ុន្តែចុងក្រោយ នៅតែបញ្ចប់រាល់ការឈឺចាប់ទាំង អស់.. បច្ចុប្បន្នរស់នៅ ជាមួយភាពសប្បាយរីករាយ និងសុភមង្គលរៀងរាល់វិនាទី និងជារៀងរហូត ពីព្រោះមាន មនុស្សប្រុសម្នាក់ ដែលចូលមកក្នុងជីវិត ហើយផ្តល់នៅអ្វីគ្រប់យ៉ាង ដែលមិនធ្លាប់​ទាំងគិតពីមុនផង.. មនុស្សល្អ ម្នាក់នេះ ជាមនុស្សដែលរស់នៅជាមួយខ្ញុំមួយជីវិត ហើយជា​រៀង​រហូត..អគុណគ្រប់យ៉ាងការស្រឡាញ់ ការថែ រក្សា...មនុស្សពិសេសរបស់ខ្ញុំ គឺអ្នកហើយជាអ្នកតែ​ម្នាក់គត់...»។

តែគួរឲ្យសោកស្តាយក្តីរំពឹង និងការស្រម៉ៃដល់ថ្ងៃក្រាបផ្ទឹមទទួលពរជ័យយកមង្គលសេរីជីវិត​សម្រាប់រូបនាង និងជាក្តីប៉ងប្រាថ្នាសម្រាប់ស្រ្តីគ្រប់រូបនោះ ត្រូវប្រែរលាយសូន្យ ដោយសារតែ​ឃាតក​លើដងវិថី បន្សល់ឲ្យរូបនាងរស់ព្រាត់គូស្នេហ៍ស្មើជីវិតទាំងក្មេងខ្ចី។

នៅលើហ្វេសប៊ុករបស់នាង ត្រូវបានមិត្តភក្តិជាច្រើនចូល រួមរំលែកទុក្ខ ដ៏ក្រៀមក្រំ និងសម្តែង​ការសោកស្តាយចំពោះ ការស្លាប់របស់លោក ថៃ ភក្តី ជាពន់ពេក៕
រូបភាពហ្វេសប៊ុក

ប្រភពៈ ដើមអំពិល

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ