មេដឹកនាំសហជីពកម្មករ ៦ រូប ដែលមិនពេញចិត្តទៅនឹងការសម្រេចតម្លើងប្រាក់ខែកម្មកររោង ចក្រ ១៥ ដុល្លារ សម្រាប់ឆ្នាំ២០១៤ និងឆ្នាំបន្តបន្ទាប់ រហូតដល់ឆ្នាំ២០១៨ ឡើងដល់ ១៦០ ដុល្លារនោះ ត្រូវបានក្រសួងការងារ កោះអញ្ជើញឲ្យចូលរួមប្រជុំ នៅម៉ោង ៣ រសៀល ក្រោមអធិបតីភាពលោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
មេដឹកនាំកម្មករទាំង ៦ រូប ដែលត្រូវកោះប្រជុំ អំពីការតវ៉ាលើប្រាក់ខែកម្មករនោះ រួមមាន៖ លោកអាត់ធន់ លោកជាមុនី លោករ៉ុងឈុន លោកប៉ាវស៊ីណា លោកស្រីម៉មញឹម និងលោកស្រីយ៉ាងសុភ័ណ្ឌ។ តាមគម្រោង លោកជាមុនី នឹងមិនចូលរួមប្រជុំទេ តែបានចាត់តំណាងឲ្យទៅប្រជុំ។ ចំណែកមេដឹកនាំកម្មករ ៥រូបទៀត បានត្រៀមខ្លួនរួច ហើយទៅចាំតាំងពីព្រឹក នៅមុខក្រសួងការងារ ដើម្បីចូលរួមប្រជុំជាមួយតំណាងក្រសួងការងារ។
លោក រ៉ុង ឈុន ដែលបានដឹកនាំកម្មកររោងចក្រ មកពីព្រៃទា មុខព្រលានយន្តហោះ ទៅកាន់ក្រ សួងការងារ ចាប់តាំងពីព្រឹកថ្ងៃនេះ បានឲ្យដឹងថា លោកមិនមានអ្វីលើកឡើងទេ ក្នុងកិច្ចប្រជុំ នាប៉ុន្មាននាទីខាងមុខ ក្រៅតែពីនិយាយពីប្រាក់ឈ្នួលអប្បបរមា ដែលកម្មករទាមទារឲ្យតម្លើង ១៦០ ដុល្លារ នៅឆ្នាំ២០១៤។
លោក រ៉ុង ឈុន បានបញ្ជាក់ថា កូដកម្មលើកនេះ បើទាមទារមិនបានតាមការចង់បានរបស់កម្មករនូវប្រាក់ខែ ១៦០ ដុល្លារទេ គឺកម្មករមិនឈប់ធ្វើកូដកម្មទេ។
ចំណែកលោក ចាន់ សាវេត សកម្មជនសិទ្ធិមនុស្សអាដហុក ដែលតាមឃ្លាំមើលការជួបជុំរបស់កម្ម ករ នៅមុខក្រសួងការងារ តាំងពីព្រឹកព្រលឹម រហូតដល់ម៉ោងជិត ៣ រសៀលនេះ បានឲ្យដឹងថា កម្ម កររោងចក្ររាប់ពាន់នាក់ បានបិទផ្លូវមុខក្រសួងការងារ ចាប់ពីស្ពានអាកាស ៧មករា ស្តុបពេទ្យលោកសង្ឃ រហូតដល់សាលាតិចណូ។ ក្រុមកម្មករទាំងនោះ រង់ចាំស្តាប់លទ្ធផលកិច្ចប្រជុំ ដែលមេដឹកនាំសហជីពកម្មករ ៦ រូប នឹងចូលរួមប្រជុំ នៅក្រសួងការងារ នាម៉ោង ៣ រសៀលនេះ។
លោក ចាន់ សាវេត អះអាងថា ការតវ៉ារបស់កម្មកររោងចក្រ តាំងពីព្រឹក មកដល់ពេលនេះ មិនមានអ្វីកើតឡើងទេ នៅមុខក្រសួងការងារ៕T/c
ចាប់តាំងពីពេលព្រឹកមកម្លេះ មេដឹកនាំសហជីពកម្មករ
បាននាំកម្មកររាប់យ៉ាងកុះករ មកពីតាមបណ្តារោងចក្រជាច្រើន ទៅជួបជុំ
ត្រៀបត្រា នៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
នៅជាប់នឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ប្រភពៈ CEN
No comments:
Post a Comment