និស្សិតខ្មែរមួយរូប ដែលអះអាងថាជានិស្សិតឆ្នាំទី ៣
ផ្នែកកុំព្យូទ័រវិទ្យានៅសាកលវិទ្យាល័យន័រតុន
បានស្រាវជ្រាវ ដោយបានបង្កើតកម្មវិធី ដ៏ទំនើបមួយ ដែលអាចបញ្ជា បិទបើកអំពូលភ្លើងតាម រយៈទូរសព្ទដៃ។
កម្មវិធីនេះមាន ឈ្មោះថា Smart
Lamp ត្រូវគេបង្ហោះ នៅលើបណ្តាញ សង្គម Facebook
ហើយដែលទទួលការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំង ពីមិត្តអ្នកកម្សាន្ត
លើស្នាដៃបង្កើតនេះ ហើយក៏មានការ Share និង Like ជាច្រើនផងដែរ។
លោក ភឿក គោវិទ្ធ Database Developer នៅសាកលវិទ្យាល័យន័រតុន និងដែលជាអ្នកដឹកនាំគម្រោងបង្កើតកម្មវិធីបញ្ជា បិទបើកអំពូលភ្លើងតាមទូរសព្ទនេះបានបញ្ជាក់ថា៖ “ជាការពិតកម្មវិធីនេះមានឈ្មោះថា Smart Lamp ដែលជាគម្រោងនិងជាគំនិតបង្កើតរបស់និស្សិតន័រតុនមួយក្រុម ក្នុងពេលដែលពួកគេចូលរួមក្នុងពិព័រណ៍ស្នាដៃនិស្សិតនាពេលកន្លង មក”។
លោកបញ្ជាក់ថា និស្សិតទាំងនោះបានលើកពីគម្រោងក្នុងការបង្កើតកម្មវិធី Smart Lamp ដែលអាចបញ្ជាបិទបើកអំពូលពីចម្ងាយពី Smartphone តាមរយៈ Wireless ដើម្បីដោះស្រាយបញ្ហាពិបាកៗមួយចំនួននៅក្នុងការរស់នៅ។
លោកថា តាមរយៈការលើកឡើងរបស់ពួកគេ លោកក៏មានការចាប់អារម្មណ៍និងដោយទទួលបានការគាំទ្រពី សាកលវិទ្យាល័យ ទើបបានដឹកនាំធ្វើឲ្យគម្រោងនេះសម្រេចបានជោគជ័យ។
លោកបញ្ជាក់ថា Smart Lamp មានសមត្ថភាពក្នុងការគ្រប់គ្រងប្រព័ន្ធអំពូលភ្លើងនៅក្នុងគេហដ្ឋាន ទាំងមូល ដោយអាចបញ្ជាបិទបើកអំពូលពីចម្ងាយដោយប្រើប្រាស់ Smartphone តាមរយៈ Wireless។ “ក្នុងការបញ្ជាបិទឬបើក យើងអាចចុចលើប៊ូតុង តាមលេខអំពូលមួយៗ ឬបញ្ជាដោយប្រើសំឡេងក៏បាន។ លើសពីនេះក៏អាចកំណត់ពេលឲ្យអំពូលបិទ ឬបើកទៅតាមពេលវេលាកំណត់។ ជាពិសេសក៏អាចធ្វើឲ្យអំពូលមានពន្លឺតិចឬខ្លាំងផងដែរ”។
លោកបានបន្តទៀតថា ទោះបីជាកម្មវិធីនេះ មិនមែនជាកម្មវិធីចាំបាច់សម្រាប់ជីវិតរស់នៅក្តី ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីជីវភាពរស់នៅពោរពេញទៅដោយបច្ចេកវិទ្យា ទំនើប និងទាន់សម័យស្របទៅនឹងពិភពលោកបច្ចុប្បន្ន។ លើសពីនេះ គឺជាការចូលរួមសន្សំសំចៃថាមពលអគ្គិសនី តាមរយៈការបង្កភាពងាយស្រួលក្នុងការបិទបើកភ្លើង នៅពេលដែលអ្នកប្រើប្រាស់ភ្លេច ឬពិបាកក្នុងការដើរទៅបិទពេលឈប់ត្រូវការប្រើប្រាស់។
លោកថា ការបង្កើតគម្រោងនេះបានជោគជ័យត្រូវការចំណាយសិក្សានិងស្រាវជ្រាវ ជិត ២ ខែ។ ទៅថ្ងៃខាងមុខលោកបញ្ជាក់ថា លោកមានគម្រោងឲ្យវាអាចដំណើរការដោយ SMS នៅលើទូរសព្ទដែលនឹងជួយកាត់បន្ថយ និងផ្តល់ភាពងាយស្រួលសម្រាប់ការប្រើប្រាស់បន្ថែមទៀត។
ប្រភពៈ sabay
No comments:
Post a Comment